ភ្នំពេញ៖ កំពូលកែងពិឃាតគុនខ្មែរវ័យក្មេងអេលីត សេងទ្រី បានអង្រួតសង្វៀនម៉ាសហ្វៃឱ្យផ្អើលអស់អ្នកគាំទ្រគុនខ្មែរកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ម្សិលមិញនេះ។លោហិតរបស់កីឡាករជើងខ្លាំងថៃស៊ុបភើខេ ស៊ីតមុនឆៃ ស្រក់មកមិនដាច់ដោយសារកណ្តាប់ដៃ និងកែងរបស់កីឡាករវ័យក្មេងអេលីត សេងទ្រី មកពីក្លឹបនាយកដ្ឋានអង្គរក្ស ក្នុងការប្រកួតលក្ខណៈម៉ាសហ្វៃ១ទឹក៩នាទី។


ជំនួបនៃការប្រកួតនេះ បានធ្វើឱ្យមហាជនដែលទស្សនាផ្ទាល់នៅក្នុងស្ថានីយ៍ និងតាមរយៈការផ្សាយផ្ទាល់នៅមិនស្ងៀមគ្រប់ៗគ្នា ដោយកីឡាករទាំងពីរឡើងប្រកួតហាក់បីដូចជាសត្រូវស៊ីសាច់ ហុតឈាមគ្នាពីមុនមក។


ក្រោយពីការប្រកួតអស់រយៈពេលជាង៥នាទីកីឡាករគុនខ្មែរអេលីត សេងទ្រីបានព្យាយាមប្រើកែងគ្រប់ក្បាច់វាយចូលទៅលើកីឡាករស៊ុបភើខេរហូតដល់បែកឈាមហូរស្រោចពេញសង្វៀន ប៉ុន្តែកីឡាករថៃរូបនេះមិនងាយបោះបង់ការប្រកួតនោះទេ ទើបធ្វើឱ្យលទ្ធផលបញ្ចប់បានត្រឹមស្មើគ្នា។


សូមជម្រាបផងដែរថា កន្លងមកកីឡាករទាំងពីមិនដែលធ្លាប់ប៉ះគ្នាឡើយ តែការជួបប្រកួតលើកទីមួយនេះ បានធ្វើឱ្យកីឡាករទាំងពីរមិនទាន់ដាច់ស្រឡះ និងមិនទាន់អស់ចិត្តរៀងៗខ្លួន ដោយសារពួកគេទទួលបានលទ្ធផលត្រឹមស្មើគ្នាប៉ុណ្ណោះ។ ប៉ុន្តែការប្រកួតគូនេះបានទាក់ទាញចិត្តមហាជនស្ទើតែគ្រប់ទិសទី រហូតមានអ្នកខ្លះបានលើកឡើងថា ចង់ឃើញជំនួបសងសឹកគូនេះជាថ្មីម្តងទៀត នាឱកាសក្រោយ៕

ដោយ៖ វិកគី

