ផល សោភ័ណ្ឌ និងសុខ ធី ក្លាយជាតួអង្គសំខាន់ឡើងអង្រន់សង្វៀនThe Rise of Avatar Kun Khmer នាចុងសប្តាហ៍នេះ

ភ្នំពេញ ៖ វត្តមានកីឡាករជើងខ្លាំងគុនខ្មែរ ២រូប នឹងលេចវត្តមាននៅក្នុងព្រឹត្តិការណ៍គុនខ្មែរថ្មីមួយរបស់ស្ថានីយទូរទស្សន៍ថោន ដែលបងប្អូនស្គាល់ថា The Rise of Avatar Kun Khmer ។

កីឡាករដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ ត្រូវបានប្រកាសជាផ្លូវការក្លាយជាកីឡាករ ដែលត្រូវប្រកួតលើសង្វៀន The Rise of Avatar Kun Khmerនេះ ។ផល សោភ័ណ្ឌ ជាអ្នក​ប្រដាល់ ដែល​មាន​បទពិសោធ​​ជោគ​ជាំ ទាំង​លើការ​ប្រកួត​ប្រដាល់សកល និង​គុនខ្មែរ ផល សោ​ភ័ណ្ឌ បាន​ក្លាយជា​បេក្ខភាពដ៏លេចធ្លោ​របស់​កម្ពុជា​ដំបូង​គេ ដែល​ដណ្តើម​បានខ្សែ​ក្រវាត់​​កម្រិត​ពិភពលោក IPCC Kun Khmer ប្រភេទទម្ងន់ ​៦៣,៥​ គីឡូក្រាម ដែល​រៀបចំ​ដោយ​សង្វៀន​ថោន ហើយ​ជាមួយជ័យជម្នះ​នេះ បាន​ជំរុញ​ឱ្យ សោភ័ណ្ឌ ហ៊ាន​ដាក់​គោលដៅ​កាន់តែ​ធំ គឺ​ការ​ឈាន​ទៅ​រកការ​​បង្កើត​បាននូវ​ស្នាដៃ​កាន់តែ​ធំ សម្រាប់​គុនខ្មែរ នៅ​ក្រៅ​ប្រទេស។

វាមិន​មែន​ជា​លើក​ដំបូង​នោះទេ ដែល​ ផល សោភ័ណ្ឌ ដណ្តើមបានខ្សែ​ក្រវាត់ សម្រាប់​ការ​ប្រឡូក​ នៅក្នុង​វិស័យ​កីឡាប្រដាល់នេះ ព្រោះ​ការព្យាយាម​​ជម្នះ​ឧបសគ្គ និង​ការ​​​លំបាក រាប់​មិន​អស់ ដោយ​ប្រើ​ញើស​ឈាម​ស្រស់ នៅ​លើ​សង្វៀនអស់​រយៈពេល​ជាង ​១៣​ ឆ្នាំ​មក​នេះ សោភ័ណ្ឌ ​ដណ្តើមបាន​ខ្សែ​ក្រវាត់​ចំនួន​៤​ ហើយរូបគេ ក៏បាន​ឈ្នះ​មេដាយ​មាស ពីការ​ប្រកួត​ជើង​ឯក​ថ្នាក់ជាតិ សឹង​រាប់ភ្លេច​ផង​ដែរ។

ក្រឡេកមកមើលកីឡាករសុខធីវិញម្តង ក៏មិនធម្មតាដែរ ជាអ្នកប្រយុទ្ធគុនខ្មែរមកពីខេត្តបន្ទាយមានជ័យ ឈ្មោះថា សុខ ធី ដែលស្គាល់ថា កា កា ធី គឺជាកីឡាករដែលប្រកួតកម្រិតអន្តរជាតិលើប្រភេទទម្ងន់ ៦០  គីឡូក្រាម។ ហើយជាកីឡាករមួយរូបធ្លាប់បានផ្ដួលគូប្រកួតដែលជាកីឡាករអន្តរជាតិច្រើនរាប់មិនអស់មកហើយ ជាកីឡាករវ័យក្មេងមួយរូបដែលចិត្តក្តៅវាយសម្រុកទៅលើដៃគូប្រកួតមិនរាថយ និងញញើតឡើយ។ ជារឿយៗគេបានប្រើកណ្ដាប់ដៃរបស់គេវាយសន្ធាប់ទៅលើគូប្រកួតមិនឲ្យក្រោកតដៃរួចឡើយ។

ប្រវត្តិរបស់កីឡាករជើងខ្លាំងរូបនេះធ្លាប់ប្រកបអាជីពប្រដាល់នៅលើសង្វៀនក្នុងទឹកដីថៃអស់រយៈពេលជិត ១០ ឆ្នាំមកហើយដែរ។  បន្ទាប់មកសុខធី ក៏វិលមកកម្ពុជាដែលជាទឹកដីកំណើតរបស់ខ្លួនវិញ ហើយកីឡាករដែលមានរហស្សនាមមនុស្សឈើនេះតែងតែឆក់យកបេះដូងអ្នកគាំទ្រគ្រប់ការប្រកួតរបស់គេ។

 

ហើយព្រឹត្តិការណ៍ប្រកួត The Rise of Avatar Kun Khmer នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ នៅស្ថានីយទូរទស្សន៍ថោន។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង Champion Energy Drink Cambodiaផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២