នាយករដ្ឋមន្រ្តីថៃប្តេជ្ញាថានឹងផ្លាស់ប្តូររដ្ឋធម្មនុញ្ញ នឹងស្នើឱ្យក្រុមបាតុករនិស្សិតកុំបង្កភាពចលាចល

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានស្នើសុំឱ្យក្រុមបាតុករជានិស្សិត ដែលកំពុងដឹកនាំបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាល កុំបង្កចលាចលឱ្យសោះ ខណៈរូបលោកផ្ទាល់សន្យានឹងបាតុករនិសិ្សតថា សភាជាតិនឹងពិចារណាលើសំណើទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសន្និសិទសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានប្តេជ្ញាជំរុញឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញ ដោយលោកបាននិយាយថា រដ្ឋាភិបាលនឹងបង្ហាញច្បាប់ស្តីពីការសរសេរឡើងវិញនូវរដ្ឋធម្មនុញ្ញថ្មីនៅក្នុងសម័យប្រជុំសភាលើកក្រោយ។ លោកនាយករដ្ឋមន្ត្រី បា្រយុទ្ធ ក៏បានស្មើសុំឱ្យក្រុមបាតុករទាំងអស់កុំបង្កភាពចលាចលឱ្យសោះនៅពេលនេះ ហើយត្រូវដោះស្រាយបញ្ហាជាមួយគ្នា។ លោក ប្រាយុទ្ធ បន្ថែមថាលោកពិតជាមានការព្រួយបារម្ភពីក្រុមយុវជន ដែលនាំគ្នាប្រមូលផ្ដុំជាក្រុមតូចៗ ដើម្បីធ្វើការតវ៉ាទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ, រំលាយសភាជាតិ និងរៀបចំការបោះឆ្នោតជាថ្មី។ ក៏ប៉ុន្តែទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីថៃរូបនេះ មិនបានបញ្ជាក់ថាតើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅត្រង់ចំណុចណាមួយ ដែលនឹងត្រូវសភាលើកយកមកពិភាក្សា ឬពិចារណានោះទេ។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមបាតុករនិស្សិតក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរ ដោយអំពាវនាវឱ្យមានការកែប្រែច្បាប់ ពាក់ព័ន្ធនឹងវិសាលភាព នៃអំណាចព្រះមហាក្សត្រថៃ ដែលការទាមទារនេះមិនស្របតាមរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នដែលចែងថាការប្រមាថលើព្រះមហាក្សត្រ ឬរាជវង្ស អាចនឹងប្រឈមជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២