ផ្ទុះកំហឹង! ពលរដ្ឋនៃទីក្រុងBeirut ទាមទារឱ្យប្រធានាធិបតីបារាំងលោក Macron ជួយឱ្យមានការផ្លាស់ប្តូររបបថ្មីបន្ទាប់ពីមានការផ្ទុះដ៏សាហាវ

(លីបង់)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ម្សិលមិញនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅកាន់ទីក្រុងBeirut ដោយលោកបានសន្យានឹងប្រជាជនលីបង់ ថានឹងគាំទ្រជំរុញឱ្យមានការផ្លាស់ប្តូររបបថ្មី បន្ទាប់ពីមានការផ្ទុះដ៏ធំមួយបានបំផ្លាញរដ្ឋធានីលីបង់ដែលបណ្តាឱ្យពលរដ្ឋលីបង់ផ្ទុះកំហឹង នឹងមានភាពសោកសៅយ៉ាងខ្លាំង។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតីបារាំងត្រូវបានហ៊ុំព័ទ្ធដោយពលរដ្ឋលីបង់ ដែលទាមទារឱ្យបញ្ចប់នូវ របប របស់អ្នកនយោបាយដែលពួកគេមិនពេញចិត្តចំពោះការប្រព្រឹត្តអំពើពុករលួយ និងអូសប្រទេសលីបង់ឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយ។ លោក Macron បានប្រាប់ពលរដ្ឋនៃទីក្រុងBeirut ថា“ ខ្ញុំឃើញអារម្មណ៍នៅលើមុខរបស់អ្នកទាំងអស់ មានភាពសោកសៅ និងការឈឺចាប់…. នេះជាមូលហេតុដែលខ្ញុំមកទីនេះ ប៉ុន្តែអ្វីដែលចាំបាច់នៅទីនេះគឺការផ្លាស់ប្តូរនយោបាយ ការផ្ទុះនេះគួរតែជាការចាប់ផ្តើមនៃយុគសម័យថ្មីមួយ”។ លោក Macron បានពាក់ក្រវ៉ាត់កខ្មៅក្នុងការកាន់ទុក្ខ និងបានសន្យាថានឹងបញ្ជូនជំនួយវេជ្ជសាស្រ្ត និងជំនួយផ្សេងទៀតមកកាន់ប្រទេសលីបង់ ខណៈដែលអ្នកដែលនៅជុំវិញគាត់ស្រែកថា“ បដិវត្ត” និង“ ប្រជាជនចង់ផ្តួលរលំរបបនេះ”។ ដោយឡែក ប្រធានាធិបតីលីបង់លោក Michel Aoun  ក៏មានសុទិដ្ឋិនិយមក្នុងការកែទម្រង់ការគ្រប់គ្រង ការផ្លាស់ប្តូរនយោបាយ ដើម្បីការចាប់ផ្តើមនៃយុគសម័យថ្មីមួយផងដែរ។

សូមជម្រាបជូនថា លោក Macron បានសន្យាថានឹងជួយកៀងគរជំនួយអន្តរជាតិក្នុងការគាំទ្រដល់លីបង់ដែលជាអតីតប្រទេសអាណានិគមរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលលីបង់ត្រូវតែអនុវត្តកំណែទម្រង់សេដ្ឋកិច្ច និងការបង្ក្រាបអំពើពុករលួយ។  គួររំលឹកផងដែរថា ហេតុការណ៍ផ្ទុះដ៏កក្រើកកាលពីថ្ងៃអង្គារនាទីក្រុង Beirut បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៥ នាក់ និងរងរបួស ៥,០០០ នាក់ និងប្រមាណ ២៥០,០០០នាក់ផ្សេងទៀតត្រូវបាត់បង់ផ្ទះសម្បែង៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២