ក្រសួងអប់រំកោះហៅសហព័ន្ធជាតិទាំង៣៧ មកប្រជុំលម្អិតពីការជ្រើសរើសអត្តពលិក ត្រៀមស៊ីហ្គេមនៅថៃ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកោះហៅសហព័ន្ធជាតិទាំង៣៧ នៅព្រឹកថ្ងៃទី ១៨ ខែកក្កដានេះ ដើម្បីប្រជុំលម្អិត ពីការជ្រើសរើស កីឡាករ កីឡាការិនី ត្រៀមស៊ីហ្គេម ២០២៥ ចុងឆ្នាំនេះ នៅប្រទេសថៃ។ ខណៈការជ្រើសរើស គឺផ្ដោតលើសមត្ថភាព និងលទ្ធផលដែលទទួលបានពីលើកមុន និងលទ្ធភាពដែលអាចឆ្ពោះទៅរកបាន មេដាយ ក្នុងការប្រកួតនាពេលខាងមុខ ហើយ គណៈកម្មការជំរុញឱ្យ អត្តពលិក បន្តការប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ក្រោយចប់កិច្ចប្រជុំថា៖ សហព័ន្ធទាំង ៣៧ ដែលមានអត្តពលិកខ្លួនចូលរួម នឹងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយរង់ចាំស្ដាប់ការណែនាំពី ក្រសួងអប់រំ យុវជន និង កីឡា ពីស្ថានភាពផ្សេងៗដែលពាក់ព័ន្ធ និងការណែនាំពី រាជរដ្ឋាភិបាល ប្រសិនបើមានបញ្ហាអ្វីដែលអាចកើតឡើង។

ប៉ុន្តែដោយឡែកសម្រាប់ដំណើរការរដ្ឋបាល ទាំងលើការចុះឈ្មោះជាដើម កំពុងដំណើរការធម្មតា មិនមានភាពរអាក់រអួលឡើយ។ អ្វីដែលត្រូវធ្វើដែរនោះ គឺរក្សាសភាពការណ៍ និងទំនាក់ទំនងឱ្យបានធម្មតាដើម្បីចូលរួមមានភាពកក់ក្ដៅ។ឯកឧត្ដម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់បន្ថែមទៀតថា អត្តពលិក ដែលមានសមត្ថភាពល្អគឺជាក្ដីរំពឹង ក្នុងការដណ្ដើមបានមេដាយ គឺជាជម្រើសអាទិភាពសម្រាប់ ការជ្រើសរើសទៅស៊ីហ្គេម។

 

ហើយ ឯកឧត្ដម បានជំរុញឱ្យកីឡាករ កីឡាការិនី ត្រូវប្រឹងប្រែងឱ្យបានខ្លាំងព្រោះអ្នកធ្លាប់បានមេដាយសំរឹទ្ធ យ៉ាងហោចណាស់ត្រូវព្យាយាមឱ្យបាន មេដាយប្រាក់ និងអ្នកធ្លាប់បាន មេដាយប្រាក់ ត្រូវព្យាយាមឱ្យបាន មេដាយមាស៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២