ភ្នំពេញ៖ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាដែលមានសមាជិកជាពិធីករ ពិធីការនីឆ្នើម មកពីបណ្ដាស្ថាប័នទូរទស្សន៍ទាំងអស់ក្នុងប្រទេសកម្ពុជា បានមូលមតិគ្នាបង្កើតមូលនិធិសប្បុរសធម៌ ទទួលអំណោយពីសប្បុរសជននានានៅក្នុងប្រទេសដើម្បីជួយទ្រទ្រង់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខកម្ពុជា អំឡុងពេលនៃការឈ្លានពានពីសំណាក់ ទាហានឈ្លានពានថៃ ។


នៅថ្ងៃទី១០ ខែសីហា ២០២៥ ម្សិលម៉ិញនេះ សមាជិក និងក្រុមការងាររបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដែលក្នុងនោះក៏មានពិធីករ ក៏ដូចជាពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ថោន ក៏បានទៅចូលរួមផ្ទាល់ និងយកអំណោយ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ នំចំណីផ្សេងៗ ជូនដល់វីរៈកងទ័ពដ៏អង់អាចក្លាហាននៅខេត្តឧត្តរមានជ័យ ដែលស្ថិតនៅភូមិតាមាន់សែនជ័យ ដែលកំពុងតែឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីកម្ពុជានៅទីនោះ។

ក្នុងនោះក្រុមពិធីករកីឡាកម្ពុជាក៏សូមធ្វើការអរគុណចំពោះសប្បុរសជនទូទាំងប្រទេស ដែលបានចូលរួមបរិច្ចាគ្រជាថវិការ សម្ភារៈប្រើប្រាស់ អាហារហូបចុក នំចំណីរផ្សេងៗ ជាមួយមូលនិធិទ្រទ្រង់របស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាដែលដឹកនាំដោយលោកគួច ឆាយ៉ា ជាអ្នកចាត់ការក្រុមផ្ទាល់ ។

ដោយក្តីរំភើប ចំពោះទឹកចិត្តក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ក្រោយពីបានទទួលផ្ទាល់ កងទ័ពជួរមុខ ក៏បានផ្ដាំផ្ញើអរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភសម្ភារៈផ្សេងៗ ជាពិសេសអ្នកឧកញ៉ាសំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ដែលបានឧបត្ថម្ភទឹកបរិសុទ្ធរាប់រយកេះ និងភេសជ្ជៈជាច្រើនជូនទៅដល់វីរៈកងទ័ព ព្រមជាមួយអាវយឺតដ៏ស្រស់ស្អាត។

បន្ថែមពីនេះវីរៈកងទ័ពដ៏អង់អាចក្លាហានក៏បានប្តេជ្ញាចិត្ត ដ៏អង់អាចក្លាហានការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាមិនឲ្យជនណាឈ្លានពានបានឡើយ ទោះបីត្រូវពលីជីវិតក៏ដោយ ក៏ត្រូវប្តេជ្ញាការពារកម្ពុជា និងប្រជាជនឲ្យបាន៕

ដោយ៖ វិកគី

