ឆ្លងកាត់ការប្រកួត២សប្រាហ៍ ព្រះខ័នរាជស្វាយរៀងនៅតែជាក្រុមល្អដាច់គេនៅរដូវកាលនេះ

ភ្នំពេញ៖ ពិតជាមិនធម្មតាមែន ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងរក្សាភាពល្អឥតខ្ចោះតាំងពីរដូវកាលមុន ២ប្រកួតបើកឆាកប៉ះសុទ្ធតែក្រុមខ្លាំងៗ ក្រសោបបាន ៦ពិន្ទុពេញ ស្របពេលដែលប្រកួតក្រោយជួបបឹងកេត ។

សប្តាហ៍ទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមណាហ្គាវើលដ៍ ដោយលទ្ធផល ៣-០ នៅក្នុងផ្ទះរបស់ខ្លួន និងសប្តាហ៍ទី២ បានយកឈ្នះ អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-០ទៀត នៅទឹកដីខេត្តសៀមរាប។ ពីរប្រកួតដំបួង ពួកគេរកបាន៦ពិន្ទុពេញ និងស៊ុតចូលដៃគូ ៦គ្រាប់ ឈរលើកំពូលតារាង ហើយរក្សាសំណាញ់ទីរបស់ខ្លួនបានយ៉ាងល្អ ដោយដៃគូមិនអាចស៊ុតចូលបានឡើយ។

ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូថ្មី Mattew McConkey មិនទាន់ស្គាល់ពាក្យថា ចាញ់ និងមិនទាន់មានក្រុមណា អាចទម្លាយសំណាញ់ទី ក្រុមរបស់លោក Mattew បាននៅឡើយទេ និងថែមទាំងតំបន់ប្រយុទ្ធរកបាន6គ្រាប់ច្រើនជាងគេទៅទៀត។

ដោយមើលឃើញបែបនេះធ្វើឲ្យអ្នកស្វាយរៀង ដាក់ក្តីរំពឹង លើកឡើងថា តើក្រុមនេះអាចលើកពានបានទៀតទេឆ្នាំនេះ បើនៅតែតាន់ និង មុតស្រួចបែបនេះ ។

សូមជម្រាបជូនផងដែរថា នៅសប្តាហ៍នេះ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រកួតជាមួយ Shan United នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ សម្រាប់ការប្រកួតទី១ វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ក្លឹបអាស៊ាន ASEAN Club Championship៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២