ក្រុមកីឡាការិនីបាល់ទាត់ភ្នំពេញក្រោនសម្រក់ទឹកភ្នែកគ្រប់គ្នា ក្រោយពីភ្លាត់ចាញ់ក្រុមឥណ្ឌាយប់ម៉ិញនេះ!

ភ្នំពេញ៖ ស្រក់ទឹកភ្នែកដោយមិនអស់ចិត្ត ព្រោះបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពហើយ នៅតែទទួលលទ្ធផលបរាជ័យក្រោមថ្វីជើងរបស់ក្រុមបាល់ទាត់នារីឥណ្ឌាក្នុងលទ្ធផល១ ទល់នឹង0 ។

ការប្រកួតយប់ម៉ិញនេះ ក្រុមកីឡាការិនីបាល់ទាត់ភ្នំពេញក្រោនប្រកួតតទល់ជាមួយ East Bengal FC គឺលេងបានល្អ លេងដោយទំនុកចិត្ត និងលេងដោយចន្ទៈតែមិនមានសំណាងអាចរកគ្រាប់បាល់បាន។ កូនក្រុមមានឱកាសច្រើនដងដែរ ក្នុងការរកគ្រាប់បាល់តែធ្វើមិនបានសម្រេច និងភ្លាត់បន្តិចបែរជារបូតគ្រាប់បាល់ទៅវិញ។

ខណៈចំណុចខ្វះខាតត្រូវតែពង្រឹងឲ្យល្អឡើងវិញនោះគឺការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អអំឡុងពេលប្រកួត។ទោះជាយ៉ាងណាក្រុមទាំងមូលបានប្ដេជ្ញាចិត្តហើយនឹងធ្វើឲ្យបានល្អ ឬរកជ័យជម្នះជូនអ្នកគាំទ្រ និងជូនក្រុមឲ្យបាននូវក្នុងការប្រកួតបន្ទាប់។

គ្រូបង្វឹកលោកម៉ៅ សាវីនបានឱ្យដឹងថា៖«ខ្ញុំមិនរំពឹងថានឹងមានអ្នកទស្សនាមកកីឡដ្ឋានផ្ទាល់ច្រើននោះទេ ប៉ុន្តែបើសិនជាអ្នកដែលស្រលាញ់បាល់ទាត់  និងចង់ស្គាល់ពីយើងច្រើនជាងនេះទៀត យើងនឹងជួបគ្នានៅថ្ងៃទី ២៥ និង ២៨ ខែសីហានេះ»។

ក្រុមបាល់ទាត់នារីភ្នំពេញក្រោនបានចាញ់ក្រុមបាល់ទាត់នារីមកពីប្រទេសឥណ្ឌា East Bengal FC 1-0 ក្នុងវគ្គជម្រុះពូល E នៃពានរង្វាន់បាល់ទាត់ AFC Women’s Champion League 2025។ វគ្គជម្រុះនេះកំពុងធ្វើឡើងនៅកម្ពុជា ស្របពេលប្រកួតទី២ របស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងប៉ះក្រុម Kitchee ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

កាលពីយប់ម៉ិញនេះ អ្នកចាំទី ជា ហ្វារីយ៉ា បានសម្រក់ទឹកភ្នែកបន្ទាប់ពីទទួលបានកាតក្រហម និងចាញ់ការប្រកួត។ ដូច្នេះសង្ឃឹមថា ប្រកួតបន្ទាប់ទោះជាទទួលបានលទ្ធផលយ៉ាងណាក៏ដោយ បងប្អូននឹងចូលរួមគាំទ្រលើកទឹកចិត្តក្រុមកីឡាការិនីតំណាងកម្ពុជាយើងឲ្យបានច្រើន។នេះជាឱកាសដែលយើងអាចចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នារីនៅក្នុងស្រុកបង្ហាញទៅកាន់អន្តរជាតិឱ្យគេបានដឹង បានស្គាល់ផងដែរ៕

        

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២