សេវាកម្មដឹកជញ្ជូនរថយន្តក្រុងមិនគិតថ្លៃចាប់ផ្តើមចេញដំណើរហើយថ្ងៃទី១ ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

ថ្ងៃនេះជាថ្ងៃទី១ នៃការចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ដោយបានចាកចេញពីរាជធានីភ្នំពេញ​ ទៅកាន់បណ្តាខេត្តផ្សេងៗទូទាំងប្រទេស ដោយប្រើប្រាស់សេវាកម្មដឹកជញ្ជូនរថយន្តក្រុងមិនគិតថ្លៃ តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុកចំណាយ និងផ្តល់នូវការធ្វើដំណើរប្រកបដោយផាសុខភាព និងសុខសុវត្ថិភាព។

បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើដំណើរនៅថ្ងៃនេះ គឺអាចនឹងបន្តធ្វើដំណើរនៅថ្ងៃស្អែក​ និងថ្ងៃបន្តបន្ទាប់ទៀតផងដែរ ដែលសេវាកម្មនេះ គឺមានរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ទៅតាមបណ្តាខេត្តផ្សេង តាមរយ:ទីតាំងចំនួន៥ ដូចមានក្នុងសេចក្តីជូនដំណឹងសម្រាប់ទាំងការចាកចេញ និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។

សូមជូនពរដល់បងប្អូន កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច៕

     
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២