លោក ឡុង សុផល និងឪពុក លោក ឡុង យ៉ា បានប្រទះឃើញរូបបដិមាបុរាណ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែតុលា ហើយបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីប្រគល់វត្ថុបុរាណនេះជូនមន្ត្រីជំនាញរក្សាទុក។


លោក មាស ឫទ្ធីរ៉ាថេត អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបានឱ្យដឹងថា រូបបដិមានេះជាទេវរូបភេទស្រី មានកម្ពស់ប្រមាណជា៧០សង់ទីម៉ែត្រ ស្ថិតក្នុងរចនាបថអង្គរ ឬរចនាបថឃ្លាំង ហើយនឹងត្រូវចុះបញ្ជី និងរក្សាទុកក្នុងសារមន្ទីរ។
លោក ឌុច គឹមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានថ្លែងអំណរគុណដល់លោក ឡុង សុផល និង លោក ឡុង យ៉ា ចំពោះស្មារតីទទួលខុសត្រូវ និងការចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិ។


ជាមួយគ្នានេះ មន្ត្រីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើប្រទះឃើញវត្ថុបុរាណដោយចៃដន្យ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធ ដើម្បីឱ្យមន្ត្រីជំនាញចុះពិនិត្យ និងយកទៅរក្សាទុកឱ្យបានត្រឹមត្រូវ៕


