UN៖ យោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០នាក់ចាប់តាំងពីធ្វើរដ្ឋប្រហារ

មីយ៉ាន់ម៉ា៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ា បានរិះគន់របបយោធារបស់ប្រទេសនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០នាក់ចាប់តាំងពីការតវ៉ាបានផ្ទុះឡើងប្រឆាំងនឹងការចាប់ខ្លួនលោកស្រីអ៊ុងសាន ស៊ូជី ដើម្បីដណ្តើមអំណាច ដោយលើកឡើងពីភ័ស្តុតាងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជាច្រើន  រួមទាំងការសម្លាប់, ការធ្វើទុក្ខបុកម្នេញ និងការធ្វើទារុណកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី១២ ខែមិនា ឆ្នាំ២០២១។

អ្នកស៊ើបអង្កេតសិទ្ធិមនុស្សលោក Thomas Andrews បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា“ ប្រទេសមីយ៉ា​ន់ម៉ាកំពុងត្រូវបានគ្រប់គ្រងដោយរបបឃាតកម្ម និងខុសច្បាប់” ។

លោក Andrews បានបញ្ជាក់បន្ថែមថា ច្រើនជាងពាក់កណ្តាលនៃអ្នកដែលបានស្លាប់គឺមានអាយុក្រោម ២៥ ឆ្នាំហើយមនុស្សជាង ២.០០០ នាក់ត្រូវបានឃុំខ្លួនដោយខុសច្បាប់ចាប់តាំងពីរដ្ឋប្រហារនិងអំពើហិង្សាកំពុងកើនឡើងជាលំដាប់។

មានភ័ស្តុតាងវីដេអូជាច្រើនត្រូវបានចេញផ្សាយយ៉ាងទូលំទូលាយ ដែលកងសន្តិសុខបានវាយដំក្រុមបាតុករ ពេទ្យ និងអ្នកឈរមើលយ៉ាងសាហាវ។ វីដេអូខ្លះបង្ហាញអំពីទាហាននិងប៉ូលីសធ្វើដំណើរតាមសង្កាត់នានាជាលក្ខណៈប្រព័ន្ធ ដើម្បីបំផ្លាញទ្រព្យសម្បត្តិលួចប្លន់ហាង ចាប់អ្នកតវ៉ា និងអ្នកធ្វើដំណើរឆ្លងកាត់តាមអំពើចិត្ត និងបាញ់រះចូលក្នុងផ្ទះប្រជាជនដោយមិនរើសអើង” ។

លោក Andrews បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើមេដឹកនាំយោធាជាន់ខ្ពស់និងលើប្រភពចំណូលដ៏សំខាន់របស់ប្រទេសនេះរួមទាំងសហគ្រាសគ្រប់គ្រងដោយយោធានិងសហគ្រាសប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា។

សូមជម្រាបថា អស់រយៈពេលជាងមួយខែមកនេះបាតុកម្មត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ​ដើម្បីទាមទារឱ្យមានការដោះលែងលោកស្រីអ៊ុងសាន ស៊ូជី​ និងគោរពការបោះឆ្នោតដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីបានឈ្នះកាលពីខែវិច្ឆិកា ទន្ទឹមនឹងនេះចក្រភពអង់ គ្លេស សហរដ្ឋអាមេរិក សហគមន៍អ៊ឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចមួយចំនួនទៀតបានដាក់ទណ្ឌកម្មបន្ថែមលើរបបយោធាមីយ៉ាន់ម៉ា និងបានអំពាវនាវឲ្យយោធាបញ្ឈប់ការប្រើប្រាស់អំពើហិង្សារ និងដោះលែងអ្នកតវ៉ាទាំងអស់ដោយសុវត្ថិភាព៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២