មកស្តាប់ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ បញ្ជាក់ ពីការផាកពិន័យ ចំពោះអ្នកមិនពាក់ម៉ាស

ភ្នំពេញ ៖ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់អោយដឹងច្បាស់អំពីការផាកពិន័យអ្នកដែលមិនពាក់ម៉ាសថា ការផាកពិន័យ អ្នកអត់ពាក់ម៉ាស មិនទាន់ត្រូវបានធ្វើឡើងជាទូទៅនោះទេ ពោលគឺ ធ្វើឡើង តែនៅកន្លែងដែល ប្រឈមខ្ពស់ នៃការរីករាល ជំងឺកូវីដ១៩តែប៉ុណ្ណោះ និង ត្រូវមានសេចក្តីសម្រេចពីក្រសួងសុខាភិបាល។

ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១នេះ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ៖ «ដើម្បីអាចអនុវត្តមាត្រា៥ និងទោសប្បញ្ញត្តិបាន លុះត្រាតែ ក្រសួងសុខាភិបាល ចេញសេចក្តី សម្រេចមួយ ឬក៏ប្រកាស មួយសិន ថា តើបុគ្គលណាដែលជាប់កាតព្វកិច្ចពាក់ម៉ាស់ ទីកន្លែងណាខ្លះ ដែលជាប់ កាតព្វកិច្ច ក្នុងការពាក់ម៉ាស់ ឬរក្សា គម្លាត សុវត្ថិភាព ហើយផ្អែក ទៅលើ កម្រិត នៃការឆ្លងរាលដាល ។ បើការឆ្លងរាលដាលនេះ ដល់ដំណាក់កាល មួយថា មិនអាចគ្រប់គ្រង បាន អ៊ីចឹងការពាក់ម៉ាស់ត្រូវធ្វើជាកាតព្វកិច្ចទូទៅ។ ប៉ុន្តែឥឡូវម៉ោងនេះ អត់ទាន់ ដល់ទូទៅទេ»។

នៅក្នុង មាត្រា៥ នៃ អនុក្រឹត្យ ស្តីពី «វិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ១៩ និង ជំងឺ ឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» មានខ្លឹមសារថា ៖
«ការពាក់ម៉ាស់ ត្រូវធ្វើជាកាតព្វកិច្ច ដោយផ្អែកតាមសកម្មភាពការងារ ឬស្ថានភាព មុខរបររបស់បុគ្គល និង នៅតាមទីកន្លែង ដែលមានហានិភ័យនៃការចម្លង ឬការឆ្លង មេរោគកូវីដ១៩។ បុគ្គល ដែលមាន កាតព្វកិច្ចពាក់ម៉ាស និងទីកន្លែង ដែលតម្រូវ ឱ្យមានការពាក់ម៉ាស ត្រូវកំណត់ដោយ ក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិតនៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩»។

បើយោងតាម មាត្រា១៩ នៃអនុក្រឹត្យនេះ ក៏បាន បង្ហាញដែរថា ៖ «ត្រូវធ្វើការ ព្រមាននិងធ្វើការណែនាំដោយមន្រ្តី សុខាភិបាល ឬអាជ្ញាធរ មានសមត្ថកិច្ច ចំពោះបុគ្គលដែលមិនអនុវត្ត នូវកាតព្វកិច្ចពាក់ម៉ាស ដូចមាន ចែងក្នុងមាត្រា៥ ឬកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពបុគ្គល ដូចមានចែង ក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។ ក្នុងករណីនៅតែបន្តប្រព្រឹត្ត អំពើ ល្មើសដដែល ត្រូវផ្តន្ទាទោស ជាពិន័យ អន្តរការណ៍ពី ២០ម៉ឺនរៀល ទៅ ១លានរៀល»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២