យ៉ាងហោចណាស់មនុស្ស ៣៨ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា ខណៈច្បាប់អាជ្ញាសឹកត្រូវបានប្រកាសដាក់នៅក្នុងទីក្រុង Yangon

មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីល្ងាចថ្ងៃអាទិត្យ បានប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅតាមទីប្រជុំជននានានៃទីក្រុងយ៉ាំងហ្គោន ខណៈដែលក្រុមបាតុករយ៉ាងហោចណាស់ ៣៨នាក់ត្រូវបានសម្លាប់កាលពីម្សិលមិញនៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហាររបស់យោធាមីយ៉ាន់។

ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋបានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថាទីប្រជុំជន Hlaing Tharyar ដ៏ធំនៅទីក្រុងយ៉ាំងហ្គោន និងសង្កាត់ Shwepyitha នឹងត្រូវដាក់នៅក្រោមច្បាប់អាជ្ញាសឹក។តំបន់ទាំងពីរនេះត្រូវបានគេស្គាល់ថាជាមណ្ឌលរោងចក្រ និងមានរោងចក្រកាត់ដេរជាច្រើន។ អ្នករាយការណ៍តាមទូរទស្សន៍រដ្ឋបាននិយាយថារបបយោធាបានផ្តល់អំណាចច្បាប់អាជ្ញាសឹកផ្នែករដ្ឋបាលនិងតុលាការដល់មេបញ្ជាការតំបន់យ៉ាំងហ្គោនដើម្បីអនុវត្តសន្តិសុខរក្សានីតិរដ្ឋនិងភាពស្ងប់ស្ងាត់ឱ្យកាន់តែមានប្រសិទ្ធភាព។

អំពើហឹង្សាកាលពីថ្ងៃអាទិត្យនាំអោយចំនួនមនុស្សដែលត្រូវបានសម្លាប់មានចំនួនច្រើនបំផុត ចាប់តាំងពីមេដឹកនាំយោធាបានឃុំខ្លួន នឹងដណ្តើមអំណាចមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី ដោយចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើននៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន ស៊ូជីបានឈ្នះដោយការភ្លូកទឹកភ្លូកដី។

គួរបញ្ជាក់ថា បន្ទាប់ពីអំពើហិង្សាកាលពីថ្ងៃអាទិត្យ បានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងបាតុកម្ម ប្រឆាំងរបបសឹកមីយ៉ាន់ម៉ាបានកើនឡើងដល់ ១២៦នាក់ហើយ ខណៈក្រុមសកម្មជនការពារសិទ្ធិមនុស្សយល់ឃើញថា ច្បាប់អាជ្ញាសឹកនេះអាចនឹងបើកដៃឱ្យអាជ្ញាធរ បង្កើនការបង្រ្កាបលើក្រុមបាតុករ ដែលនឹងធ្វើឲ្យមនុស្សស្លាប់ នឹងរបួសកាន់តែច្រើនឡើងបន្ថែមទៀត៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២