ទូតអាមេរិកកោតសរសើរចំពោះគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក ប៉ាទ្រិក មូហ្វីរ (Patrick Murphy)បានសម្តែងនូវការកោតសរសើរចំពោះគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការយ៉ាងលឿនរហ័ស និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយរហូតមកដល់ពេលនេះសម្រេចលទ្ធផលជាង ៩០% លើចំនួនប្រជាជនគោលដៅ។

ការកោតសរសើររបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមជាមួយនឹងវត្តមានរបស់លោកវរសេនីយ៍ឯក Thang Ly ដែលត្រូវណែនាំខ្លួនក្នុងឱកាសដែលលោកត្រូវចូលកាន់តំណែងជាអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងអំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យបានល្អ និងអំពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យសុខាភិបាលដែលបានអនុវត្តកន្លងមក ដើម្បីលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់អំពីជំហររបស់កងទ័ពជើងគោកកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរង់ចាំស្វាគមន៍ជានិច្ចក្នុងការសហការជាមួយលោកអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ដើម្បីពិភាក្សាកិច្ចការនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។

ឆ្លៀតក្នុងឱកាសនោះ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងនោះរួមទាំងរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Johnson & Johnson ជាង ០១ លានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (Covax) ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កាលពីខែកក្កដា និងសីហាកន្លងទៅ ដែលនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជានៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២