គណបក្សខ្មែររួបរួមជាតិឆ្លើយតបបុគ្គលពីរនាក់គ្មានតួនាទីក្នុងហ៊្វុនស៊ិនប៉ិចប្រឆាំងនឹងព្រះតម្រិះសម្តេចក្រុមព្រះក្នុងការបង្រួបបង្រួម

ភ្នំពេញៈ គណបក្សខ្មែររួបរួមជាតិ បានធ្វើការឆ្លើយបំភ្លឺទៅនឹងសេចក្ដីប្រកាសព័ត៌មានរបស់បុគ្គលពីរនាក់ ដែលគ្មានតួនាទីក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ហើយបុគ្គលទាំងពីរនាក់នេះ មកចាត់ចែងការងារដឹកនាំក្នុងគណបក្ស និងជាអ្នកកាន់ត្រាព្រះហស្តលេខា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងកាន់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាពិសេសប្រឆាំងនឹងព្រះតម្រិះរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការបង្រួបបង្រួមអ្នករាជានិយម និងសីហនុនិយម។

បើយោងតាមសេចក្តីព័ត៌មានរបស់គណបក្សខ្មែររួបរួមជាតិនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ដូចតទៅៈ

១.ការលើកឡើងរបស់ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អំពីការបង្រួបបង្រួមជាមួយ គណបក្សហ៊្វុនស៊ិនប៉ិច មិនមែនជាបញ្ហាផ្ទាល់ខ្លួននោះទេ គឺជាការគាំទ្រដល់ព្រះតម្រិះរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានស្នើសុំឱ្យឯកឧត្តម ញឹក ប៊ុនឆៃ និងគណបក្សខ្មែររួបរួមជាតិ រួបរួមសាមគ្គីគ្នាឡើងវិញ អ្នករាជានិយម សីហនុនិយម នៅក្នុងជំនួបដោយចៃដន្យរវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង ឯកឧត្ដម ញឹក ប៊ុនឆៃ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតំណាក់វាលស្បូវ។

២- ឯកឧត្តម ញឹក ប៊ុនឆៃ មិនដែលបានធ្វើអ្វីខុស ដែលនាំឱ្យសម្ដេចក្រុមព្រះ សណ្តោសប្រណី ប្រោសប្រទានការលើកលែងទោសកំហុសនោះទេ។ ការធ្វើសមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០០៦ គឺជាការសម្រេចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ភាគច្រើនលើសលុបរបស់គណបក្សហ៊្វុនស៊ិនប៉ិច និង ក្នងជួររាជរដ្ឋាភិបាល ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងតែប៉ុណ្ណោះ មិនមែនឯកឧត្តម ញឹក ប៊ុនឆៃ ម្នាក់ឯងអាចធ្វើអ្វីបាននោះទេ។ ក្នុងពេលនោះ បើឯកឧត្ដម ញឹក ប៊ុនឆៃ មានមហិច្ឆិតាលោភលន់អំណាចមែន ប្រហែលឡើងធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយ។

៣- ក្នុងលិខិត ឯកឧត្តម ញឹក ប៊ុនឆៃ តំណាងគណបក្សនយោបាយនានា ក្នុងការស្នើសុំបង្រួបបង្រួមគ្នា ចុះថ្ងៃ ទី០៧ ខែមិថុនា ឆ្នាំ២០២១ ថ្វាយសម្តេចក្រុមព្រះ ដែលបានលើកឡើងពីររូបមន្តសេនារីយ៉ូ ក្នុងការបង្រួបបង្រួមគ្នានេះ គឺជាការពិភាក្សាគ្នាជាមួយបណ្តាគណបក្សនយោបាយនានាដែលចង់បានការដឹកនាំគ្រប់គ្រងគណបក្សហ៊្វុនស៊ិនប៉ិច មួយដែលបែងចែកការដឹកនាំ នីតិបញ្ញាត្តិ និងនីតិប្រតិបត្តិតែប៉ុណ្ណោះ គឺ ក – សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះអគ្គមគ្គទេសក៍ប្រវត្តិសាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច ទទួលដឹកនាំជាព្រះប្រធានក្រុមប្រឹក្សាជាតិ, ព្រះប្រធានគណកម្មាធិការអចិន្ត្រៃយ៍, ព្រះប្រធានគណកម្មាធិការនាយក (ព្រះប្រធាននីតិបញ្ញាត្តិ)។ ខ- សហជីវិន ញឹក ប៊ុនឆៃ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច (ប្រធានប្រតិបត្តិ) រូបមន្តនេះ គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់បានប្រើរួចមកហើយ។ គ- រូបមន្តសេណារីយ៉ូនេះ ត្រូវបានក្រុមការងារចំពោះកិច្ចគណបក្សហ៊្វុនស៊ិនប៉ិច បដិសេធរាល់ហើយ។ ម្យ៉ាងទៀត ការស្នើសុំរូបមន្តសេណារីយ៉ូនេះ ក៏ពុំបានរំលោភបំពានលើលក្ខន្តិកៈ គណបក្សហ៊្វុនស៊ិនប៉ិច ដែរ ពីព្រោះនេះ ជាការចរចារបង្រួបបង្រួមគ្នា។

៤- ការលើកឡើងថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចឱ្យឈប់មានការទាក់ទង ឆ្លើយឆ្លង ឬចរចារផ្លូវការក្រៅផ្លូវការណាមួយជាមួយឯកឧត្តម ញឹក ប៊ុនឆៃ ជាបន្តទៅទៀតនេះ ជាការលើកឡើងរបស់បុគ្គលពីរនាក់ ដែលគ្មានតួនាទីក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ដែលលើកឡើងតែប៉ុណ្ណោះ។ ឯកឧត្ដម ញឹក ប៊ុនឆៃ មិនដែលបានទទួលលិខិត ឬព្រះបន្ទូលជាផ្លូវការណាមួយពីសម្តេចក្រុមព្រះទេ។ ម្យ៉ាងទៀត ក្រុមការងារចំពោះកិច្ចគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយឯកឧត្តម ហេង ចាន់ថា អនុប្រធានគណបក្ស ក៏មិនដែលមានលិខិតជាផ្លូវការណាមួយស្តីពីការបញ្ឈប់ការចរចារគ្នានេះដែរ ឃើញមានតែលិខិតសុំពន្យាពេលការបង្រួបបង្រួមគ្នាតែប៉ុណ្ណោះ។ ដូច្នេះការលើកឡើងថា សម្ដេចក្រុមព្រះ ឱ្យឈប់មានការទាក់ទងឆ្លើយឆ្លង ឬចរចារផ្លូវការ ក្រៅផ្លូវការនោះ គឺជាមតិផ្ទាល់ខ្លួនរបស់បុគ្គលពីរនាក់ ដែលគ្មានតួនាទីនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច នេះតែប៉ុណ្ណោះ។

៥- ដោយថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ មានការគោរពស្រឡាញ់ ដ៏ស្មោះចំពោ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យើងខ្ញុំបានតាមដានជាប្រចាំអំពីព្រះសុខភាព និងទីកន្លែង ដែលព្រះអង្គគង់នៅ ដូច្នេះសេចក្ដីប្រកាសព័ត៌មាននេះ មិនមែនជាព្រះតម្រិះ របស់សម្ដេចក្រុមព្រះទេ។

៦- កន្លងមកក្រុមការងារចំពោះកិច្ចគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ បានប្រជុំពិភាក្សា ឯកភាពគ្នារួចរាល់ហើយលើពិធីសារស្តីពីការរួមបញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សខ្មែររួបរួមជាតិ គោលនយោបាយ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ប៉ុន្តែមិនអាចរួមបញ្ចូលគ្នាបាន ត្រូវអូសបន្លាយពេលរហូតជាងមួយឆ្នាំ ដោយសារបុគ្គលពីរនាក់នេះ ជំទាស់ជារៀងរហូត ពិសេសគឺប្រឆាំងនឹងព្រះតម្រិះ របស់សម្តេចក្រុមព្រះ ដែលបានឯកភាពរួបរួមគ្នារួចហើយ ជាមួយឯកឧត្តម ញឹក ប៊ុនឆៃ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩។

៧- សូមសមាជិក សមាជិកា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច កុំជឿលើបុគ្គលពីរនាក់នេះ ដែលពួកនេះ តែងតែដើរតួជាតំណាងសម្ដេចក្រុមព្រះ ហើយប្រើប្រាស់ត្រាគណបក្ស របស់សម្ដេចព្រះប្រធាន និងត្រាព្រះហស្តលេខារបស់សម្តេចក្រុមព្រះ ក្នុងការតែងតាំង និងដកតំណែងថ្នាក់ដឹកនាំហ៊្វុនស៊ិនប៉ិច ក្នុងគោលបំណងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រឆាំងនឹងព្រះតម្រិះរបស់ សម្តេចក្រុមព្រះ ក្នុងការបង្រួបបង្រួមអ្នករាជានិយម និងសីហនុនិយម។ បុគ្គលពីរនាក់នេះ ត្រូវទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ក្នុងការបង្រួបបង្រួមគ្នាមិនបាននេះ។

ជាមួយគ្នានេះ គណបក្សខ្មែររួបរួមជាតិ សូមឲ្យសមាជិក សមាជិកា គណបក្សទាំងពីរ ដែលជាអ្នករាជានិយម សីហនុនិយម ពិតប្រាកដកុំជឿលើការភូតកុហក និងការប្រឆាំងការរួបរួមគ្នា របស់បុគ្គលពីរនាក់នេះឱ្យសោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២