សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា

ភ្នំពេញ ៖ តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ ដោយបានអំពាវនាវឱ្យជនរួមជាតិ ទាំងអស់ រួមគ្នាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។ ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យនិងមានលក្ខណៈប្រទាក់ក្រឡា ដែលតម្រូវឱ្យមានការចូលរួមពី ប្រជាជនយើងម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួងស្ថាប័ន ផ្នែកឯកជន សង្គមស៊ីវិល សំដៅកាត់បន្ថយហានិភ័យដែលមានស្រាប់ ត្រៀម បង្ការហានិភ័យថ្មី ដើម្បីបញ្ចៀសគ្រោះមហន្តរាយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ដើម្បីធានានូវភាពជោគជ័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សម្តេចតេជោសូមយកឱកាសនៃទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៣ តុលា ២០២១នេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ថា ទោះបីជាបងប្អូនជនរួមជាតិបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក៏ដោយ ក៏ត្រូវបន្តរក្សានិងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្លួន កុំធ្វេសប្រហែស ហើយបើមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមមេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបាន គ្រប់ៗគ្នាតាមការណែនាំ និងតាមទីកន្លែងដែលបានកំណត់ដោយរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើតភាពស៊ាំចៀសផុតពីគ្រោះមហន្តរាយ នៃជំងឺរាតត្បាតដ៏កាចសាហាវនេះ។ បន្ថែមពីនេះទៀតត្រូវប្រកាន់ខ្ជាប់ជារៀងរហូត នូវវប្បធម៌ចែករំលែកដោយឈរលើស្មារតីជួយគ្នា ទៅវិញទៅមក សហការឱ្យកាន់តែរឹងមាំថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងជួយរំលែកទុក្ខលំបាកប្រជាជន ដែលងាយរងគ្រោះនៅទូទាំងប្រទេស។ បន្តពង្រឹងស្មារតីសាមគ្គីភាពនិងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាសុខុមាលភាព ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងបន្ថែម ទៀត។

សម្តេចតេជោ ក៏បានជំរុញឱ្យបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ប្រកបដោយស្មារតីភ្ញាក់រលឹកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់នូវរបៀបរបបរស់នៅស្អាត ថែរក្សាសុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកជាដើម។ ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីការរស់នៅប្រកបដោយផាសុខភាព និងសុខុមាលភាព ចៀសផុតពីគ្រោះមហន្តរាយផ្សេងៗ។

ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការត្រៀមបង្ការហានិភ័យ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតប ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសជួយដល់ប្រជាជនក្រីក្រងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព។

ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មានរបស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានព្យាករណ៍អាកាសធាតុ កំណើនទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ និងសារអប់រំការយល់ដឹងជាសាធារណៈ ពីវិធានការ ដើម្បីបញ្ចៀសគ្រោះមហន្តរាយជូនដល់សាធារណៈជនជ្រាបទាន់ពេលវេលានិងឆាប់រហ័ស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២