រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី តម្លៃវិនិយោគ ១៣៩.៥ លានដុល្លារអាមេរិក ចាប់ដំណើរការផលិតកម្មស្រាបៀរជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ) ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី បានចាប់ដំណើរការផលិតកម្មស្រាបៀរ ជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រារព្ធ «ពិធីផលិតស្រាបៀរលើកដំបូង» ក្នុងបរិវេណរោងចក្រផ្ទាល់ដែលមាន ទីតាំង​នៅលើផ្លូវលេខ ១១៤ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពី ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងតំណាងសមាគមចិនផងដែរ។

បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ និងបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី បានសម្រេចការសាងសង់តាមការគ្រោងទុកដោយប្រើពេលត្រឹមតែ ៤៨៣ថ្ងៃ ប៉ុណ្ណោះ ទោះស្ថិតក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ក្តី ហើយបានរួមចំណែកជួយបន្តផ្តល់ការងារដល់បុគ្គលិក និងកម្មករ ជាង១០០០នាក់ រហូតមកទល់បច្ចុប្បន្ន។

ដោយបានអនុលោមតាមបទប្បញ្ញតិ្តពាក់ព័ន្ធជាធរមាន នាពេលនេះ វឌ្ឍនៈ ប្រ៊ូវើរី បានសម្រេចឈានដល់ដំណាក់កាលផលិត​ស្រាបៀរជាលើកដំបូងរបស់ខ្លួន ជាមួយនិងសមត្ថភាពផលិតរហូតដល់ ៧៦លានកេសក្នុងមួយឆ្នាំនាពេលខាងមុខ ហើយនៅពេលដំណើរការផលិតកម្មបានពេញលេញនិងបង្កើតការងារសម្រាប់ពលរដ្ឋកម្ពុជារហូតដល់ ១,៥០០នាក់ និងផ្តល់ឱកាសការងារដោយប្រយោលជាច្រើនផ្សេងទៀត។

វត្តមាននៃរោងចក្រសា្របៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និងភេស្ជៈ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែ​មានភាពទំនើប សម្បូរបែបជាមួយនឹងបទពិសោធន៍ថ្មីប្លែក ជាពិសេសគឺជួយជំរុញការលើក កម្ពស់ គុណភាព និងស្តង់ដា​នៃការផលិតឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងន័យនេះដើម្បីតបស្នងឱ្យសមទៅនឹងការគាំទ្រជឿជាក់ ក៏ដូចជា រាល់ការចំណាយ​របស់អតិថិជន​​ វឌ្ឍនៈ ប៊្រូវើរី បានប្តេជ្ញាផលិតស្រាបៀរជាតិ ដោយផ្តល់ជូននូវគុណភាព និងសេវាកម្មល្អឯកជាចម្បង​​​​​​​​ តាមរយៈការសម្រិតសម្រាំងជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ពីក្រៅប្រទេស ប្រកបដោយគុណភាពខ្ពស់មានដូចជា ស្រូវសាលី ផ្កាហប់ និងមេស្រាបៀរ មុននឹងនាំចូលមករោងចក្រ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រ បច្ចេកវិជ្ជាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់។

សមិទ្ធផលដែលកើតចេញពី ការប្តេជ្ញាចិត្តវិនិយោគយ៉ាងមោះមុត ក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាល ជំងឺកូវីដ-១៩ នាពេលនេះ គឺជាផ្លែផ្កាថ្មីមួយទៀតនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ – ២០២៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនៃការសាងសង់រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀតនូវភាពជឿជាក់ និងឈរលើគោលជំហររួមចំណែករបស់វិនិយោគិនក្នុងស្រុកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ទោះស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមបែបណាក៏ដោយ។

រោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ ធ្វើការវិនិយោគលើវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារ វិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀតនៅក្នុងទីផ្សារប្រទេសកម្ពុជា។ គេអាចកត់សម្គាល់បានថា គ្រប់ការវិនិយោគរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៃ វឌ្ឍនៈ គ្រុប តាំងពីដើមរៀងមក គឺតែងតែឈរលើគោលការណ៍ដែលផ្តល់នូវគុណភាព និងសេវាកម្មល្អឯកសម្រាប់ជាគុណតម្លៃស្នូលជានិច្ច។

អំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិដែលមានមោទនភាពចំពោះ យថាភូតភាព ស្មារតីជាសហគ្រិន ការផ្ចិតផ្ចង់លើគុណភាព វប្បធម៌ និងធនធានមនុស្សរបស់ខ្លួន។ ការគិតគូរចំពោះអតិថិជនជាចម្បង គឺជាកត្តាអាទិភាពដែលជំរុញឱ្យពួកយើងផលិតស្រាបៀរដ៏ល្អឯក តាមរយៈការប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ជាមួយនឹងការបំពាក់នូវសម្ភារបរិក្ខារផលិត និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយធ្វើការវិនិយោគលើវិស័យជាច្រើនរួមមាន វិស័យលក់រាយ វិស័យអចលនទ្រព្យ សួនឧស្សាហកម្ម វិស័យធនាគារ វិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ និងហ្គោលរីសត) វិស័យសំណង់ វិស័យម្ហូបអាហារ និងវិស័យអប់រំ ជាដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២