ភ្នំពេញ ៖ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzama Bata បានបង្ហើប ប្រាប់ ថា មិនទាន់មានក្លឹបណាមួយទាក់ទងគេនៅឡើយទេ ដោយគេត្រូវរងចាំមើលរដូវកាលក្រោយ ។
ខ្សែប្រយុទ្ធជួយឱ្យបឹងកេតលើកពានលីគកំពូលឆ្នាំ២០២០ បានឱ្យដឹងថា ៖ ឥឡូវខ្ញុំមិនទាន់មានក្លឹបលេងទេ គ្រាន់តែខ្ញុំហ្វឹកហាត់ខ្លួនឯងជាប្រចាំ ដើម្បីរក្សា Fitness និងសុខភាព រងចាំមើល រដូវកាលក្រោយថា ក្លឹបណាមួយដែលខ្ញុំនឹងលេងឱ្យ »។
ថ្វីបើមិនទាន់មានក្លឹបណាទាក់ទងក៏ពិតមែន ប៉ុន្តែកីឡាករលេងសឹងគ្រប់ក្លឹបនៅកម្ពុជារូបនេះ តែងតែឱ្យតម្លៃការហ្វឹកហាត់ ពោលគឺហាត់ខ្លួនឯងដើម្បីរក្សារាងកាយឱ្យមាំមួនល្អ ត្រៀមរដូវកាលឆ្នាំ ២០២២ ខាង មុខ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ Bata បានចាកចេញពីអង្គរថាយហ្គឺរនៅជុំទីមួយ និងផ្លាស់មកលេងឱ្យបឹងកេតនៅជុំទីពីរ ហើយជួយឱ្យ ក្រុមជើងខ្លាំងមួយនេះ លើកពានលីគឆ្នាំនោះតែម្ដង។ ដោយឡែកឆ្នាំ២០២១ កីឡាកររូបនេះ ក៏បានចូលរួមជាមួយក្លឹប TIFFY ARMY ក្រោមការដឹកនាំរបស់លោកគ្រូបង្គោល Lee Tae Hoon។ ក្រោយមកគេ ត្រូវបានក្លឹប ប្រកាសចែកផ្លូវជាថ្មី ជំនួសមកវិញដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Chan Young Ha និងខ្សែប្រយុទ្ធភ្នំពេញក្រោន Tomothy៕


