អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកទឹកចិត្តឲ្យស្ត្រីចូលរួមក្នុងកីឡាឲ្យបានច្រើនដូចបុរស

ភ្នំពេញ៖ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍លើកទឹកចិត្តឲ្យស្ត្រីចូលរួមក្នុងកីឡាឲ្យបានច្រើនដូចបុរសនៅក្នុងកម្មវិធីសិក្ខាសាលា ស្តីពីការអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន ដោយមានការចូលរួមសិស្សានុសិស្សជានារីជាច្រើននាក់។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជំរុញឲ្យគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសនីមួយៗ ជុំវិញពិភពលោកធ្វើឲ្យមានសមភាពស្ត្រីដូចបុរសដែរ ជាពិសេសគឺគោលការណ៍អូឡាំពិកអន្តរជាតិបំផុសឲ្យមានស្ត្រីដឹកនាំក្នុងវិស័យកីឡាត្រូវបានបង្កើនឲ្យបាន ៣០% ចាប់តាំងពីឆ្នាំ២០២០មក ប៉ុន្តែការចូលរួមរបស់ស្រ្តី នៅក្នុងកីឡា គឺត្រូវបានបំផុសឲ្យចូលរួមមានចំនួនដូចគ្នានឹងបុរសដែរ។

ដោយឡែកចំណុចសំខាន់ក្នុងកម្មវិធីអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងកីឡានេះ ក៏មានការផ្ញើសារអំពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡានពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជូនដល់ពួកគាត់ ដើម្បីឲ្យសិស្សានុសិស្សបានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ដោយយើងបានលើកទឹកចិត្តឲ្យពួកគាត់ចូលរួមក្នុងនាមជាអ្នកស្ម័គ្រចិត្ត ដែលព្រឹត្តិការណ៍នេះត្រូវការអ្នកស្ម័គ្រចិត្តជិត១ម៉ឺននាក់ ដែលអ្នកស្ម័គ្រចិត្តចេញពីសិស្ស-និស្សិតនេះហើយ។

សូមជម្រាបថា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺជាការផ្តល់ឱកាសឲ្យយុវជន សិស្ស-និស្សិតបានទទួលយកនូវបទពិសោធនៃការទទួលបដិសណ្ឋាកិច្ច គាំទ្រដល់ការរៀបចំ ការប្រកួត មើលឃើញពីការរីកចម្រើនរបស់កីឡា ដើម្បីទុកជាប្រយោជន៍ដល់ការសិក្សារបស់ពួកគាត់ផងដែរ។ ការអប់រំកាយ និងកីឡា គឺជាសមាសភាពមួយដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការអប់រំ ដោយការអប់រំរាងកាយ គឺកើតចេញជាបញ្ញា បើកាលកើតជាបញ្ញា គឺវាបានផ្តល់ប្រយោជន៍ដល់សិក្សារៀនសូត្ររបស់ពួកគាត់។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕
ដោយ៖ វិកគី
រូបភាព : Cambodia 2023

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២