ការប្រកួតកីឡាទូកក្តោងរយៈពេល៥ថ្ងៃ ដើម្បីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនោះ ត្រូវបានបិទបញ្ចប់ហើយ កាលពីរសៀលម្សិលម៉ិញនេះ ។ក្នុងការប្រកួតនេះ ក្រុមកីឡាករដែលទទួលបានមេដាយមាសច្រើនជាងគេគឺបានទៅលើក្រុមកីឡាករមកពីប្រទេសសិង្ហបុរី ។ដោយឡែកសម្រាប់ ក្រុមកីឡាករកម្ពុជាយើងវិញទទួលបានមេដាយមាសចំនួន១ ។



អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ឯកឧត្តម ថោង រដ្ឋសក្តិ បានឲ្យដឹងថា ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ មានរយៈពេល៥ថ្ងៃនេះបានបញ្ចប់ដោយភាពជោគជ័យ នឹងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីប្រតិភូ កីឡាការ កីឡាការិនី និងប្រធានគណៈកម្មការបច្ចេកទេសអន្តរជាតិ ចំពោះការរៀបចំបានល្អ និងមានស្តង់ដាអន្តរជាតិ ។



ឯកឧត្ដមថោង រដ្ឋសក្តិ បានបញ្ជាក់ថា ជោគជ័យនៃការរៀបចំលើកដំបូងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីលើប្រភេទកីឡាទូកក្តោងកម្ពុជាឈានទៅទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិជាបន្តទៀត និងកាន់តែធំជាងនេះ ។តាមរយៈដែលអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានពីការប្រកួតអន្តរជាតិមួយនេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ការរៀបចំការប្រកួតកម្រិតអាស៊ី និងអាស៊ាន ហើយឈានដណ្តើមបានមេដាយសរុបរហូត៨គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់៤ និងសំរិទ្ធ៣គ្រឿង ដោយសមត្ថភាពកីឡាករពិតៗ ។



ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនេះគឺមានក្រុមកីឡាករមកពីបណ្តាប្រទេសចំនួន៣ បានចូលរួមប្រកួត រួមមាន៖ប្រទេសកម្ពុជា ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ ហើយលទ្ធផលនៃការប្រកួតលើ៥វិញ្ញាសារគឺកម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់៤ និងសំរិទ្ធ៣គ្រឿង ក្នុងនោះ-វិញ្ញាសា Winsurfing RS: One កម្ពុជាដណ្តើមបានមេដាយទាំងមាស ប្រាក់ និងសំរិទ្ធ។ ដោយឡែកសម្រាប់ ម៉ាឡេស៊ី ដណ្តើមបានមេដាយសរុបចំនួន ២គ្រឿង មាស១ ប្រាក់១ និងសិង្ហបុរី ដណ្តើមបានមេដាយសរុបចំនួន ១១គ្រឿង មាស៥ ប្រាក់២ និងសំរិទ្ធ៤គ្រឿង ៕
ដោយ៖ប្រូ


