ភ្នំពេញ៖ ក្លឹបបាល់ទាត់ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា៧សម័យកាលបានប្រកាស់បន្តកុងត្រាជាមួយកីឡាករសញ្ជាតិកូឡំប៊ី Andres Nieto រហូតដល់ចប់រដូវកាល២០២២ នៅព្រឹកថ្ងៃអង្គារទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។
នេះគឺជាដំណឹង ដ៏រីករាយមួយ សម្រាប់អ្នកគាំទ្រក្លឹបសិង្ហក្រហម ដោយសារតែកីឡាករដែលពាក់អាវលេខ១០រូបនេះបានជួយក្រុមរកគ្រាប់បាល់ជាច្រើននៅក្នុងរដូវកាលកន្លងទៅ ព្រមទាំងបានជួយក្រុមលើកពានលីគកំពូលលើកទី៧កាលពីពេលកនុ្លងទៅថ្មីៗនេះផងដែរ។
នេះជារដូវកាលទី៣ហើយ ដែល Nieto ចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កន្លងមករូបគេធ្លាប់បានចូលរួមជាមួយក្លឹប Real Frontera ក្នុងឆ្នាំ២០១៧ លេងឱ្យ Atlético de San Francisco និងUniversidad O&M នៅក្នុងឆ្នាំ២០១៨ រហូតមកចូលរួមជាមួយភ្នំពេញក្រោននៅក្នុងឆ្នាំ២០១៩ ដល់ពេលបច្ចុប្បន្ននេះ ។
សូមរំលឹកផងដែរថា ក្លឹបបាល់ទាត់ភ្នំពេញក្រោនកន្លងមក ក៏បានប្រកាសពីការបន្តកុងត្រាជាមួយកីឡាករបរទេសមួយរូបទៀតដូចគ្នាគឺ Yudai Ogawa ហើយក៏បានប្រកាសចែកផ្លូវពីកីឡាករខ្សែប្រយុទ្ធឆ្នើម Matheus S Silva ផងដែរ ៕
ដោយ ៖ វិកគី


