ថៃមានអ្នកឆ្លង អូមីក្រុង ក្នុងសហគមន៍ ខណៈរដ្ឋាភិបាលពិចារណាលើការធ្វើចត្តាឡីស័កឡើងវិញ

ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok post បានឲ្យដឹងថ្ងៃទី ២០ ខែធ្នូនេះថា នៅទីបំផុត ករណីឆ្លងវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង ក្នុងសហគមន៍នៅប្រទេសថៃ ត្រូវបានបញ្ជាក់ជាលើកដំបូង ដោយមន្ត្រីសុខាភិបាលសាធារណៈ។

ក្រៅពីករណីក្នុងសហគមន៍ រហូតមកដល់ពេលនេះ មន្ត្រីសុខាភិបាលថៃ បានរាយការណ៍អំពីករណីអូមីក្រុង បាននាំចូលជាង៦០ករណីរួចទៅហើយ។ការឆ្លងក្នុងសហគមន៍លើកដំបូង គឺជាស្ត្រីម្នាក់ បានឆ្លងមេរោគពីប្តីរបស់គាត់ ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា។

ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលថៃក៏កំពុងតែពិចារណា និងពិនិត្យលើគោលការណ៍មិនធ្វើចត្តាឡីស័ក ដោយគ្រាន់តែតេស្តឃើញថា អវិជ្ជមាននោះឡើងវិញដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មីនេះ។

គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៩៦,៥២៩ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៤៤០នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៣៦,១៩៧នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០០.០៨លានដូស ក្នុងនោះប្រជាជន ៤៤.៤៩លាននាក់ (៦៣.៦១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕
ដោយ៖រិទ្ធីសិទ្ធ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២