ព្រះខ័នរាជស្វាយរៀងប្រកាសកីឡាករថ្មីដំបូងរបស់ខ្លួន

ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសជាផ្លូវការនាំយកកីឡាករថ្មីដំបូងគេរបស់ខ្លួននៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គឺកីឡាករវ័យ២៣ឆ្នាំឡុង ភារ៉ាត់ ។

កីឡាករ ឡុង ភារ៉ាត់ បានប្រាប់ថោនញូស៍ថា « ការមកចូលរួមជាមួយក្លឹបថ្មីនេះ ជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់រូបគេ ហើយរូបគេក៏ទទួលបានការប្រកួតប្រជែងថ្មីបន្ថែម ដែលនឹងជួយពង្រឹងនូវសមត្ថភាពក្នុងអាជីពបាល់ទាត់ ហើយរូបគេប្តេជ្ញាថា ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយក្លឹបព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលថ្មីនេះ»។

កីឡាកររូបនេះ ជាអតីតកីឡាករយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន វេស្ទើនភ្នំពេញឆ្នាំ២០១៧ ហើយភារ៉ាត់ក៏បានចាកចេញទៅលេងនៅសូលទីឡូអង្គរក្នុងរដូវកាល ២០១៨ រហូតមករួមរស់ជាមួយអង្គរថៃហ្គឺអស់រយៈពេល៣ឆ្នាំមុននឹងចូលរួមជាមួយព្រះខ័នរាជស្វាយរៀងក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ ដើម្បីត្រៀមសម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២២ ខាងមុខ។

សូមជម្រាបថា ខ្សែបម្រើ ប្រយុទ្ធ ឡុង ភារ៉ាត់ គឺជាកីឡាករទី៥ ក្នុងចំណោមកីឡាករសរុប៧រូប ដែលបានចាកចេញពីក្លិបអង្គរថាយហ្គឺរ បន្ទាប់ពីលីគកំពូលឆ្នាំ២០២១ បានបញ្ចប់ ។ កីឡាករវ័យក្មេងរូបនេះក៏ជាសមាជិក្រុមជម្រើសជាតិកម្ពុជាកន្លងមកដូចគ្នា រួបគេធ្លាប់បានលេងឱ្យជម្រើសជាតិ U14 U16 U19 និងU22 ផងដែរ៕
អត្ថបទ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២