ការប្រកួតជើងឯកប្រដាល់សកលថ្នាក់ជាតិឆ្នាំនេះ ជោគជ័យជាងបណ្តាឆ្នាំមុនៗ

ភ្នំពេញ៖ យោងទៅតាមលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានគូសបញ្ជាក់ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣-២៦ ខែធ្នូ បានបញ្ចប់ជាមួយនឹងលទ្ធផលល្អប្រសើរ។

លោកបានបន្ថែមថា ចំនួនកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតនាឆ្នាំនេះ បានកើនឡើងច្រើនរហូតដល់១០៤នាក់ ដែលចំនួននេះ កើនឡើងជាង ៣ដង ដោយកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងបរិបទជំងឺកូវីដ-១៩ ដែលរីករាលដាលខ្លាំងនោះ មានកីឡាករ កីឡាការិនីចូលរួមត្រឹម៤០នាក់ប៉ុណ្ណោះ។ ងាកទៅលើកម្រិតគុណភាពបច្ចេកទេសនៃការប្រកួតវិញ ត្រូវបានលោកអគ្គលេខាធិការរូបនេះថា ក៏កើនឡើងល្អជាងឆ្នាំមុនខ្លំាងដែរ ដោយក្នុងនោះ ការប្រកួតសន្លប់របស់កីឡាករមានការកាត់បន្ថយច្រើន ដោយសារកម្រិតគុណភាពបច្ចេកទេស មានភាពប្រហាក់ប្រហែលគ្នាច្រើន។

លោក ប៊ុយ សុភ័ណ្ឌ បានលើកឡើងបន្ថែមទៀតថា ឆ្នាំនេះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ទទួលបានការឧបត្ថម្ភគាំទ្រច្រើនដែរ ពីបណ្តាសប្បុរសជននានា ដែលទឹកប្រាក់ទាំងនេះ បានផ្តល់ជូនបន្ថែមដល់កីឡាករ កីឡាការិនី ក្រៅអំពីប្រាក់រង្វាន់គោល ដែលទទួលបានពីក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយនឹងការផ្តល់ការគាំទ្រ ដើម្បីឲ្យសហព័ន្ធបន្តដំណើរការអភិវឌ្ឍន៍វិស័យកីឡាប្រដាល់សកលបាន គឺសហព័ន្ធកាន់តែមានទឹកចិត្តបន្ថែម ក្នុងការជំរុញឲ្យផែនការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅស៊ីហ្គេម ២លើកចំពោះមុខ គឺការប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាទៀតផង៕
ដោយ៖ វិកគី
រូបភាព : CAM2023

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២