សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យដាក់បញ្ចូលទិវារំលឹកខួបនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាម រយៈនយោបាយឈ្នះឈ្នះ នៅក្នុងប្រក្រតីទិនប្រចាំឆ្នាំ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឲ្យមានការបញ្ចូលទិវារំលឹកខួបនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ នៅក្នុងប្រក្រតីទិនប្រចាំឆ្នាំ។ សម្តេចតេជោបានស្នើបែបនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីដាក់ក្នុងប្រតិទិន រំលឹកដល់ ទិវានយោបាយឈ្នះឈ្នះ ក៏ពិតមែន ប៉ុន្ដែមិនតម្រូវឲ្យឈប់សម្រាកនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួប២៣ឆ្នាំហើយ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាននូវសុខសន្តិភាព ពេញលេញ និងមានការឯកភាពជាតិទាំងស្រុង ជាប្រវត្តិសាស្ត្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ខ្ញុំចង់ស្នើឱ្យពិនិត្យថាតើយើងអាចដាក់បញ្ចូលទៅក្នុងប្រក្រតីទិនប្រចាំឆ្នាំនូវទិវាអបអរសាទរការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោ បាយឈ្នះឈ្នះ ។ ប៉ុន្តែមិនបាច់កំណត់ថាជាថ្ងៃ ឈប់សម្រាកនោះទេ គ្រាន់តែថ្ងៃ២៩ ខែធ្នូនោះត្រូវបានដាក់ចូលទៅក្នុងប្រក្រតីទិនដើម្បីឱ្យដឹងថា ថ្ងៃ នេះគឺជាថ្ងៃដែលយើងសម្រេចបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវសុខសន្តិភាព។

សម្តេចតេជោបានបន្តថា ៖ រឿងនេះមិនមែនជារឿងតូចតាចទេ។តើនៅលើពិភពលោកនេះ មានប្រទេសប៉ុន្មានទៅ ដែលកំពុងជួបប្រទះនឹងបញ្ហាសង្រ្គាម។ តែកម្ពុជារយៈពេល ២៣ ឆ្នាំមកនេះបានរស់នៅដោយសុខសន្តិភាព ដែលនាំមកនូវការអភិវឌ្ឍន៍ប្រទេស និងកំណើនសេដ្ឋកិច្ចជាង ៧ភាគរយ។

បើទោះបីមិនអនុញ្ញាតឲ្យឈប់សម្រាកក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវរៀបចំពិធីអបអរសាទរ ទិវានយោបាយឈ្នះឈ្នះ ជារៀងរាល់ឆ្នាំ នៅវិមានឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ៊ុនតាក់ បានចំណាយលុយប្រមាណ២ពាន់លានដុល្លារ ដើម្បីរៀបចំការបោះឆ្នោតនៅកម្ពុជា សំដៅបញ្ចប់សង្គ្រាមផ្ទៃក្នុង ប៉ុន្ដែការនេះមិនសម្រេចនោះទេ ហើយអ៊ុនតាក់ បានដកកងទ័ពចេញពីកម្ពុជា ដោយបន្សល់ទុកនូវសង្គ្រាមដដែល។ សម្ដេចបានអះអាងថា មានតែនយោបាយឈ្នះឈ្នះរបស់សម្ដេចប៉ុណ្ណោះ ដែលបញ្ចប់សង្គ្រាមបានទាំងស្រុង នៅទូទាំងផ្ទៃប្រទេសកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២