មិនសរសើរ មិនបាន លោកយាយអាយុដល់១០១ឆ្នាំទៅហើយ យំទារកូនឱ្យជូនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ មានទីលំនៅក្នុងក្រុម៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានយំទារឱ្យកូនជូនគាត់ទៅចាក់វ៉ាក់សាំងដើម្បីបង្ការជំងឺកូវីដ-១៩។ បើទោះបីជាគាត់មានអាយុច្រើនយ៉ាងណាក៏ដោយ ក៏លោកយាយចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះដែរ ។

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ ដល់ទីលំនៅ។

បើតាមកូនចៅរបស់លោកយាយ អាយុ១០១ឆ្នាំរូបនេះបានឱ្យដឹងថា បន្ទាប់ពីលោកយាយ ទទួលបានពត៌មានពីការផ្សព្វផ្សាយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចមក លោកយាយបានឱ្យកូនៗរបស់គាត់ជូនគាត់ទៅចាក់វ៉ាក់សាំង ពេលនោះកូនៗគាត់បានប្រាប់គាត់ថា ម៉ែចាស់ហើយ មិនបាច់ទេ ពេលម្តាយគាត់ឮដូច្នេះ ស្រាប់តែគាត់យំខឹងកូនៗ ពេលនោះកូនៗ ក៏បានដឹកយកទៅទទួលការចាក់វ៉ាសាំងតាមការស្នើសុំរបស់ម្តាយ ទៅតាមគម្លាតនៃដូសនីមួយៗ និងតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ ក្នុងនោះបើតាមកូនៗរបស់លោកយាយបានប្រាប់ឱ្យដឹងបន្ថែមទៀតថា បន្ទាប់ពីលោកយាយបានទទួលការចាក់វ៉ាក់សាំង តាំងពីដូសទី១ រហូតមកដល់ដូសទី៣ ដែលជាដូសជុំរុញរួច មកដល់ពេលនេះសុខភាពរបស់លោកយាយមិនមានបញ្ហាពីផលរំខានរបស់វ៉ាក់សាំងនោះទេ មិនតែប៉ុណ្ណោះលោកយាយថែមទាំងទទួលទានអាហារបានច្រើនជាងពីមុនទៀតផង និងមានសុខភាពល្អជាធម្មតាទេ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាកសម្ដេចតេជោ ហ៊ុន សែន ជូនចំពោះលោកយាយ និងកោតសរសើរចំពោះទឹកចិត្ត ក្លាហានរបស់លោកយាយ ដែលមានវ័យរហូតដល់ទៅជាង១០១ឆ្នាំទៅហើយ បានយំទារឱ្យកូនចៅជូនទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយលោកយាយចាក់បានដូសទី៣រួចហើយ។

អំណោយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ រួមមានថវិកាចំនួន៣លានរៀល អាវរងា អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២