សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ និងគ្រូបង្រៀន នៃសាកលវិទ្យាល័យជាតិបាត់ដំបង

ខេត្តបាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ និងគ្រូបង្រៀននៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលស្ថិតនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សា អភិបាលខេត្តបាត់ដំបង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិកជាច្រើនរូប។

ឯកឧត្តម សុខ ឃន សកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងសន្ទរកថាស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យជាតិបាត់ដំបង ជូនសម្តេចក្រឡាហោម និងអង្គពិធីទាំងមូលថា វត្តមានរបស់សម្តេចក្រឡាហោម នាពេលនេះជាសក្ខីភាពនៃការយកចិត្តទុកដាក់ និងឱ្យតម្លៃខ្ពស់ដល់សាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងផ្តល់នូវភាពកក់ក្តៅដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់។

ឯកឧត្តម សុខ ឃន បានឱ្យដឹងថា នៅឆ្នាំ២០២០-២០២១ កន្លងទៅ សាកលវិទ្យាល័យជាតិបាត់ដំបង មានសិស្សានុសិស្សចុះឈ្មោះសិក្សា បានចំនួន ២,០៤៥នាក់បន្ថែម លើសពីនេះ សាកលវិទ្យាល័យ បានធ្វើការស្រាវជ្រាវរកការងារឱ្យនិស្សិតធ្វើពេលដែលបានបញ្ចប់ការសិក្សាមានចំនួន ៩០ភាគរយ ត្រូវចំជំនាញ៦០ភាគរយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងសម្តែងនូវក្តីសោមនសរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងសិស្សនិស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបងនាពេលនេះ។

សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សុខ ឃន និងសាស្ត្រាចារ្យ បុគ្គលិក ដែលលះបង់កម្លាំងកាយចិត្ត ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអប់រំដល់សិស្សនិស្សិតឱ្យទទួលបានចំណេះដឹងយ៉ាងពិតប្រាកដ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបងនេះ។

ជាងនេះទៀត សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងពី សិស្សអាហារូបករណ៍នៅក្នុងសាកលវិទ្យាល័យ ដោយនិស្សិតអាហារូបករណ៍បានបញ្ចប់ការសិក្សាមានចំនួន៥៣៦នាក់ កំពុងសិក្សាក្នុងឆ្នាំសិក្សា ឆ្នាំ២០២០-២០២១ ចំនួន២៤៩នាក់ សរុបទាំងអស់៧៨៨នាក់ និងនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យមានចំនួន២០៩នាក់ និស្សិតកំពុងសិក្សានៅសាលាពហុបច្ចេកទេសភូមិភាគតេជោសែនមាន៤០នាក់។

សម្តេចក្រឡាហោម បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា សាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១០ សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា នៅពេលបច្ចុប្បន្នសាកលវិទ្យាល័យជាតិបាត់ដំបង មានការរីកចម្រើនយ៉ាងខ្លាំង ហើយកាន់តែធ្វើឱ្យសាកលវិទ្យាល័យ មានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺនិស្សិត មាតាបិតា អាណាព្យាបាល បានធ្វើការសម្រេចចិត្តជ្រើសរើសសកលវិទ្យាល័យនេះដើម្បីបន្តការសិក្សា។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានកោតសរសើរបន្ថែមទៀតដល់គណៈគ្រប់គ្របសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក និងក្រៅប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកបង្រៀនដល់និស្សិត ក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យដើរទាន់ការសិក្សារបស់បណ្ដាប្រទេសដ៏ទៃលើសកលលោក។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានលើកឡើងបន្តថា សាកលវិទ្យាល័យជាតិបាត់ដំបង បានអឌ្ឍន៍មន្ដ្រី តាមរយៈបញ្ជូនមន្ដ្រី និងគ្រូបង្រៀន ទៅបន្ដការសិក្សាទាំងនៅក្នុង និងក្រៅប្រទេស ទាំងនេះបានឆ្លើយតបទៅនឹងការបណ្ដុះបណ្ដាលនិស្សិត ប្រកបដោយគុណភាព និងសមត្ថភាព ជាពិសេស បានសហការគ្នាអភិវឌ្ឍសាកលវិទ្យាល័យជាតិបាត់ដំបងនេះ ឱ្យប្រែមុខមាត់ថ្មី ឈានទៅរកភាពរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងផែនការកំណែទម្រង់របស់ ក្រសួងអប់រំ យុវជន និងកីឡា ផែនការយុទ្ធសាស្ដ្ររបស់សាកលវិឡាល័យ និងផែនការកំណែទម្រង់របស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យ ដែលមានឯកឧត្តម ស សុខា និងសហការី ជាថ្នាក់ដឹកនាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២