បន្ទាប់ពីរដ្ឋាភិបាលបានបើកប្រទេសឱ្យដំណើរការលើគ្រប់វិស័យឡើងវិញ ក្រោយពីបានបិទខ្ទប់អស់រយៈពេលជិតពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩ចូលរាតត្បាតមកនោះ ឥឡូវនេះមានក្រុមហ៊ុនជាតិ និងអន្តរជាតិ បានមកដាក់ពាក្យស្នើសុំនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។
នៅមុននេះបន្តិច គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបតែបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន EVERBRIT INDUSTRIAL (CAMBODIA) CO., LTD ។ ដោយក្រុមហ៊ុននេះ មានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមនេះ ក្រុមហ៊ុនគ្រោងបោះទុនវិនិយោគប្រមាណជា ៣លានដុល្លារអាមេរិក ជាមួយនឹងការបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៣៦៩កន្លែង។ នេះជាក្រុមហ៊ុនធំមួយ ដែលបានមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផង ៕


