សៀមរាប៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរ ទទួលបានអ្នករត់ប្រណាំងសរុបចំនួន ២,៣០០នាក់ ក្នុងនោះមានអ្នករត់ ២,១០០នាក់ និងអ្នករត់អន្តរជាតិ ដែលស្នាក់នៅក្នុងស្រុកចំនួន ២០០នាក់។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានឱ្យដឹងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមិនមែនជាការប្រកួតកីឡាស្វែងរកឧត្តមភាពលើផ្នែកបច្ចេកទេសនោះទេ ប៉ុន្តែការចូលរួមគឺជារឿងសំខាន់ ក្នុងការជំរុញឲ្យទិវារត់ប្រណាំងនេះ បង្កើនបាន បន្ថែមបាននូវការគាំទ្រ។ ជាមួយគ្នានេះ ទិវានេះក៏បានជួយដល់ប្រភេទកីឡាអត្តពលកម្មនៃក្រុមជម្រើសជាតិកម្ពុជាដែរ ដែលជ័យលាភីលើវិញ្ញាសា២១គីឡូម៉ែត្រ គឺអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានជ័យលាភីលើវិញ្ញាសានេះ។
គោលបំណងចម្បង កាលពីដើមឡើយនៃទិវារត់ប្រណាំងដ៏ធំ និងមានវ័យចំណាស់ជាងគេរបស់កម្ពុជាមួយនេះ ដែលកាលពីលើកទី១ កាលពីឆ្នាំ១៩៩៦មក គឺទិវានេះ ត្រូវបានធ្វើឡើងក្នុងបំណងលើកកម្ពស់ជនពិការ ដើម្បីជួយដល់ជនពិការដែលរងគ្រោះដោយសារគ្រាប់មីន ដោយបំណងនេះ នៅតែរក្សាបានរហូតដល់ពេលនេះ គឺរយៈពេល២៦ឆ្នាំ មកហើយ។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍នេះវិញ គឺឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាក់ថា ជាបុរេលក្ខខណ្ឌ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយទៅដល់ពិភពលោកថា គោលដៅទេសចរណ៍ នៅតំបន់អង្គរនេះ គឺមានសុវត្ថិភាព និងភាពកក់ក្តៅ។ ដូច្នេះ សុវត្ថិភាពខ្ពស់នៅតំបន់អង្គរនេះ គឺគ្មានកូវីដ-១៩ទេ។ ដូច្នេះ ភ្ញៀវទេសចរណ៍ទាំងអស់ អាចចាប់ផ្តើមមកលេង សម្រាប់អ្នកទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងរួច ខណៈគម្រោងរត់ប្រណាំងអន្តរជាតិ នាចុងឆ្នាំ២០២២នេះ នឹងបើកទទួលអ្នករត់យ៉ាងទូលាយទូទាំងពិភពលោកតែម្តង ដោយមិនមានការធ្វើចត្តាឡីស័កអ្វីទៀតទេ គឺមានតែធ្វើតេស្តរហ័សប៉ុណ្ណោះ ហើយបើមិនមានបញ្ហាអ្វីកើតឡើងទេ ភ្ញៀវទាំងអស់ អាចដើរហើរដោយសេរី ទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ពីព្រោះថាប្រជាពលរដ្ឋកម្ពុជា មានសំណាងខ្ពស់ជាងគេ ក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បានគ្រប់ៗគ្នា ទាំងមនុស្សចាស់ និងកុមារ ដែលទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យយើងទាំងគ្នាទទួលបានការចាក់វ៉ាក់សាំង និងបានធ្វើសកម្មភាពសេដ្ឋកិច្ច សង្គម រួមទាំងបានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើងវិញផងដែ។
ឯកឧត្តម វ៉ាត់ ចំរើន សូមថ្លែងអំណរគុណដ៏ជា្រលជ្រៅចំពោះអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា កងកម្លាំងប្រដាប់អាវុធ មន្ទីរសុខាភិបាលខេត្តសៀមរាប ដៃគូឧបត្ថម្ភធំ និងសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត និងអង្គការបេះដូងមាស ដែលជួយគាំទ្រធ្វើឲ្យទិវាកីឡាទេសចរណ៍ លើកទី២៦នេះ ដំណើរការដោយរលូន និងជោគជ័យ៕
ដោយ៖វីគី


