អង្ករកម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសចិនកាលពីឆ្នាំ២០២១ មានចំនួនជាង ៣០ម៉ឺនតោន!

ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់កសិផលរបស់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗទំហំនៃការនាំចេញកសិផលរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនមានការកើនឡើងជាលំដាប់។ក្រៅពីនាំចេញទៅកាន់ទីផ្សារបណ្តាប្រទេសនៅប៉ែកអឺរ៉ុប អង្ករកម្ពុជាក៏បានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដេរ ។កាលពីឆ្នាំ ២០២១កន្លងទៅនេះ កម្ពុជាបានធ្វើការនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិនចំនួន ៣០៦២២២.៧៥តោន។

បើយោងតាមទិន្នន័យពីក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌីបានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អង្ករកម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនខាងលើនេះមានចំនួន ៣០៦២២២.៧៥តោន មានកំណើន២២.៨២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺជាតួលេខដែលសម្រេចបានលើសពី៣០ម៉ឺនតោន។នេះបើតាមស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា។

កន្លងមកប្រទេសកម្ពុជា និងប្រទេសចិនបានធ្វើកិច្ចព្រមព្រៀងដ៏មានសារសំខាន់ជាមួយគ្នាចំនួនពីរគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលបានចូលជាធរមានរួចហើយ នាប៉ុន្មានថ្ងៃមុន នៅក្នុងឆ្នាំ២០២២នេះ ។ជាមួយនឹងកិច្ចព្រមព្រៀងដ៏មានសារសំខាន់ទាំងពីរនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា កសិផល និងផលិតផលមួយចំនួន ដែលផលិតនៅក្នុងប្រទេសកម្ពុជានឹងធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើនបន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២