អ្នកដាំដំឡូងមីនៅខេត្តរតនៈគិរី ញញឹមបិទមាត់មិនជិតទេ ដោយសារតម្លៃដំឡូងមីហក់ឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ

កន្លងមកប្រជាកសិករអ្នកដាំដំឡូងមីបានរអ៊ូរទាំគ្រប់គ្នាពីទីផ្សារ ដាំបានហើយមិនមានអ្នកទិញ ហើយតម្លៃថោក មិនរួចថ្លៃឈ្នួលកម្លាំងពលកម្មផលិត។ ហើយមានអ្នកខ្លះបានវ័នក ដោយសារខ្ចីបុលលុយធនគារយកទៅដាំដំឡូងមីនេះ ។មានអ្នកខ្លះទៀតបានបោះបង់របរដាំដំឡូងមីនេះចោល ហើយងាកទៅប្រកបរបរអ្វីផ្សេងជំនួសវិញ ។ប៉ុន្តែនៅពេលឆ្នាំថ្មី ឆ្នាំ២០២២ចូលមកដល់ អ្នកដាំដំឡូងមីមានទឹកមាត់លេបវិញហើយ ដោយសារតម្លៃដំឡូងមីបានហក់ឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ។

បច្ចុប្បន្នទីផ្សារ និងតម្លៃដំឡូងមីដែលឈ្មួញ ឬក្រុមហ៊ុនដើរទិញនៅខេត្តរតនៈគិរីរាល់ថ្ងៃនេះគឺ ដំឡូងមីស្រស់ក្នុង១គីឡូក្រាម មានតម្លៃ ៣៥០រៀល និងដំឡូងមីក្រៀម ១គីឡូក្រាម មានតម្លៃ ៧០០រៀល។ លោក សឿន ពិសិទ្ធ អាយុ៤៦ឆ្នាំ ជាម្ចាស់ចម្ការដំឡូងមីមួយរូប ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអូរយ៉ាដាវបានឱ្យដឹងថា បច្ចុប្បន្នលោកមានផ្ទៃដីចម្ការដំឡូងមីទំហំ ១០ហិកតា ដែលកំពុងប្រមូលផល ចំពោះតម្លៃដំឡូងមី ដែលឈ្មួញដើរទិញរាល់ថ្ងៃនេះគឺអាចទទួលយកបាន មានតម្លៃខ្កស់ជាងបណ្តាឆ្នាំមុនៗ ។ កាលពីឆ្នាំមុនៗលោកស្ទើរតែបោះបង់របរដាំដំឡូងមីនេះទៅហើយ ដោយសារតែមិនមានទីផ្សារ ហើយតម្លៃរបស់វាថោកពេក ដកយកមកលក់មិនរួចថ្លៃកម្លាំងពលកម្មនោះទេ។ នៅឆ្នាំនេះ លោកបានចំណាយដើមទុនប្រមាណជា ៤ ៥០០ដុល្លារទៅ៥ ០០០ដុល្លារ ដើម្បីដាំដុះដំឡូងមីលើផ្ទៃដីទំហំជាង ១០ហិកតា ។ ដូច្នេះនៅឆ្នាំនេះ បើទូទាត់ថ្លៃដើមផលិតទៅ អាចនៅសល់ប្រាក់ចំណេញគួរសម ។

លោក ឡុង ចន្តា ជាម្ចាស់ចម្ការដំឡូងមីទំហំជាង ៨ហិកតា នៅក្នុងស្រុកអូយ៉ាដាវ ខេត្តរតនៈគិរីដែរនោះមានប្រសាសន៍ថា តម្លៃដំឡូងមី ដែលឈ្មួញកំពុងដើរទិញរាល់ថ្ងៃនេះអាចទទួលយកបាន បើឆ្នាំមុនៗលែងនិយាយចេញតែម្តងគឺខ្ញុំមានការខាតបង់ច្រើន ដោយសារការដាំដំឡូងមីនេះ តែឆ្នាំនេះអាចនៅសល់ប្រាក់ចំណេញខ្លះ មានទឹកមាត់លេបជាងឆ្នាំមុនៗ។

បើតាមតួលេខ ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានឲ្យដឹងថា នៅឆ្នាំនេះ ក្នុងខេត្តរតនៈគិរី មានផ្ទៃដីដាំដំឡូងមីទំហំជិត ១៦ ០០០ហិកតា បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ មានការកើនឡើងជាង១ពាន់ហិកតា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២