អបអរសាទរ ម្ចាស់ជ័យលាភីមេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក ដែលទទួលបានរង្វាន់លើកទឹកចិត្ត នាព្រឹកនេះ

CAMSOC ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក នៅវិមានសន្តិភាព។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ម្ចាស់មេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ គឺវីរកីឡាការិនី អ៊ុក ស្រីមុំ។ ការឈ្នះមេដាយមាសនេះ បានក្លាយជាគំរូមួយសម្រាប់លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនី ខិតខំប្រឹងប្រែងដណ្តើមយកមេដាយមាស ដែលជាសមិទ្ធផលជោគជ័យដ៏ធំធេង និងជាគំរូដឹកមុខជំរុញឲ្យអត្តពលិកជម្រើសជាតិ ដាក់ទិសដៅអភិវឌ្ឍន៍សមត្ថភាព ដណ្តើមមេដាយមាសកម្រិតអន្តរជាតិ និងក្លាយជាវីរកីឡាករ កីឡាការិនីទាំងអស់គ្នា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ដែលម្ចាស់ផ្ទះ អេស្ប៉ាញ បានរៀបចំការប្រកួតជា៣ផ្នែកគឺផ្នែកនារី ផ្នែកបុរស និងយុវជន ប៉ុន្តែកម្ពុជាមិនបានបញ្ជូនកីឡាករផ្នែកយុវជនទៅចូលរួមនោះទេ។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយមាស ផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ ។

កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស ១គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥របស់កម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស ៤ជំនាន់ ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាងឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។

ជាមួយគ្នានេះ កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា បានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំក្បួនដង្ហែរអមដោយម៉ូតូ ស យ៉ាងអធិកអធមផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២