តោះ ! ចុះឈ្មោះ ប្រកួតវាយសី ដណ្តើមពានរង្វាន់៧មករា នៅខេត្តសៀមរាប

ភ្នំពេញ៖ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសពីការត្រៀមរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២១ នាថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២នេះ នៅទីលានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប។

ការរៀបចំកម្មវិធីប្រកួតដ៏ធំនេះគឺដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា ដោយអនុលោមតាមកម្មវិធីប្រចាំឆ្នាំ ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាវាយសីកម្ពុជា សហការជាមួយសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ដោយមានការគាំទ្រឧបត្ថម្ភពីបណ្តាសម្ព័ន្ធ-ក្លឹបនានាទូទាំងព្រះរាជាណាចក្រកម្ពុជានឹងរៀបចំការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករា លើកទី២១ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅទីលានវាយសី សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ។នេះជាការបញ្ចាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា។

សូមជម្រាបផងដែរថា បណ្តាក្លឹបនានាទូទាំងប្រទេសអាចដាក់ពាក្យចូលរួមប្រកួតប្រជែងឲ្យបានច្រើនកុះករ ដែលជាការរួមចំណែកអបអរសាទរ ទិវាបុណ្យជាតិ ៧មករា តាមរយៈវិស័យកីឡាឲ្យបានរុងរឿង។

   

ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវវិញ្ញាសាប្រកួតរួមមាន៖

១-វាយគូបុរសពិសេសអាយុ៣៥ឆ្នាំឡើង និង៥០ឆ្នាំឡើង(កើត១៩៨៧-១៩៧២)។

២-វាយគូបុរស អាយុ៥០ឆ្នាំឡើង (កើតមុនឬនៅឆ្នាំ១៩៧២)

៣-វាយគូបុរស អាយុពី ៤០ដល់ ៤៩ឆ្នាំ (កើតនៅឆ្នាំ១៩៨២ ដល់ ឆ្នាំ១៩៧៣)។

៤-វាយគូបុរសអាយុ ១៩ឆ្នាំឡើង (កើតមុនឬនៅឆ្នាំ២០០៣)

៥-វាយគូបុរសអាយុក្រោម ១៨ឆ្នាំ (កើតក្រោយឬនៅឆ្នាំ២០០៤)។

៦-វាយគូយុវជនអាយុក្រោម ១៦ឆ្នាំ (កើតក្រោយឬនៅឆ្នាំ២០០៦)។

៧-វាយគូចម្រុះ(មិនគិតអាយុ)។

សម្រាប់ការកំណត់សិទ្ធិចូលរួមប្រកួត គឺគ្រប់សម្ព័ន្ធ-ក្លឹបកីឡាវាយសីដែលជាសមាជិករបស់សហព័ន្ធកីឡាវាយសីកម្ពុជាអនុញ្ញាតត្រឹមតែ០២គូ ក្នុងមួយវិញ្ញាសា ហើយកីឡាករម្នាក់ៗប្រកួតបានតែមួយវិញ្ញាសាតែប៉ុណ្ណោះ ដោយឡែកម្ចាស់ផ្ទះត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត០៤គូ ក្នុងមួយវិញ្ញាសា (កីឡាករអាចលេងបាន២វិញ្ញាសា ក្នុង១នាក់)។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសបេសកកម្មរៀបចំការប្រកួតកីឡាវាយសី ពានរង្វាន់៧មករានេះ សហព័ន្ធវាយសីនឹងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តសៀមរាបផងដែរ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពោលគឺរៀនបណ្តើរ អនុវត្តបច្ចេកទេសជាក់ស្តែងបណ្តើរ ដើម្បីជំរុញឲ្យការប្រកួតពានរង្វាន់៧មករា ឆ្នាំនេះទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។ ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈព្រឹត្តិការណ៍វាយសីពានរង្វាន់៧មករា ប្រើប្រាស់កញ្ចប់ថវិកាផ្ទាល់របស់សហព័ន្ធកីឡាវាយសីកម្ពុជា និងម្ចាស់ផ្ទះ សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប៕

ដោយ៖វិកគី

រូបភាព៖ CAM2023

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២