ពិតជាមិនគួរឱ្យជឿ! ពីក្មេងស្រីម្នាក់ទូលម្ជូរលក់តាមបេនឡាន រយៈពេល១០ឆ្នាំ តែឥឡូវក្លាយជាថៅកែហាងម្ជូរវត្តភ្នំ១៦៨ ដ៏ល្បីល្បាញ

ភ្នំពេញ ៖ ក្នុងការធ្វើឱ្យអាជីវកម្មមួយជោគជ័យ មិនមែនជាការងាយស្រួលដូចការគិត និងមិនមែនប្រើត្រឹមរយៈពេលខ្លីអាចធ្វើទៅបាននោះទេ អាជីវកម្មខ្លះ ក៏ត្រូវការចំណាយពេលវេលាយ៉ាងយូរ ហើយមិនប្រាកដថា ទទួលបានលទ្ធផលល្អដូចជាការគិតនោះទេ លុះត្រាអ្នកមានការតាំងចិត្ត តស៊ូ ព្យាយាម អត់ធ្មន់ ជំនះគ្រប់ឧបសគ្គ ទើបឈានទៅដល់គោលដៅបាន។

បើក្រឡេកមកមើលពីការតស៊ូ របស់ស្រ្តីម្នាក់ ដែលខិតខំប្រឹងប្រែង ពីមុខរបរខ្នាតតូច រហូតឈានដល់ បើកហាង និងបានពង្រីក សាខាលក់របស់ខ្លួន ដល់ទៅជិត៥០ទីតាំង ទូទាំងប្រទេស ដែលអ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ នោះគឺ ម្ជូរវត្តភ្នំ១៦៨ ដែលមានលោកស្រី លាភ ដាណេ ជាម្ចាស់អាជីវកម្មនេះផ្ទាល់។ បើនិយាយឱ្យចំទៅ ការងារ ឬមុខរបរលក់ម្ជូរនេះគឺជាជំនាញរបស់លោកស្រី និងចូលចិត្តប្រកបរបរអាជីវកម្មលក់ដូរម្ជូរនេះ តាំងពីក្មេងមកម្ល៉េះ។ ដោយកាលពីដំបូងឡើយ ពេលលោកស្រីនៅអាយុប្រមាណជា៩ឆ្នាំ គឺពេលនោះ លោកស្រីគ្រាន់តែជាក្មេងម្នាក់ដើរទូលម្ជូរលក់តាមបេនឡាន តាមចំណតរថភ្លើងធម្មតាប៉ុណ្ណោះ។ លុះក្រោយមក នៅពេលមានគ្រួសារ លោកស្រីក៏ពង្រីកការលក់ដូរម្ជូរនោះឱ្យកាន់តែធំបន្តិចម្តងៗ ដោយឈប់លក់ម្ជូរនៅតាមបេនឡាន ឬចំណតរថភ្លើង មកជួលកន្លែងគេមួយលក់ម្ជូរនៅម្តុំវត្តភ្នំ ហើយក៏បានដាក់ឈ្មោះថា«ហាងម្ជូរវត្តភ្នំ១៦៨»នេះឡើង ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការចងចាំ រហូតមានផ្ទះលក់ម្ជូរ ដោយខ្លួនឯង នាពេលបច្ចុប្បន្ននេះ។

លោកស្រី លាភ ដាណេ បានរៀបរាប់ថា ក្នុងរបរលក់ម្ជូរវត្តភ្នំ១៦៨ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយការចាប់ផ្តើមអាជីវកម្មដំបូងនោះ នៅអំឡុងឆ្នាំ២០១២ ដោយពីដំបូងឡើយ គឺដាក់លក់ ជាម្ជូរតូចតាចលក្ខណៈគ្រួសារ ជាគ្រែតូចមួយ ជួលផ្ទះគេ មួយខែ៨០ដុល្លារ ដោយទទួលបានការគាំទ្រច្រើន ការលក់ដូរកាន់តែដាច់ ហើយចំនួន នៃការលក់ក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មុខរបរមួយនេះ ក៏កាន់តែឈានទៅមុខ ម្ចាស់ផ្ទះក៏បានឡើងថ្លៃផ្ទះដល់១៨០ដុល្លារ ព្រោះត្រូវពង្រីកទូដាក់លក់បន្ថែម។

លោកស្រីបានបន្ថែមទៀតថា “ពិតជាមានការលំបាក នៅពេលដែលយើងលក់ដាច់ ចាប់ផ្តើមខ្លាចម្ចាស់ផ្ទះ គេឈប់ជួលទីតាំងឱ្យ ហើយតំលៃនៃការជួលផ្ទះ ក៏កាន់តែឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ជួលមុខផ្ទះគេ ពីតំលៃ៨០ដុល្លារ រហូតដល់ជិត១០០០ដុល្លារ ក្នុងមួយខែ”។ បើទោះបីជាត្រូវចំណាយពេលពេញមួយថ្ងៃ ដោយមានថ្ងៃខ្លះក៏បានមិនសម្រាក ដែលតម្រូវឱ្យឡើងទៅយកទំនិញ ដោយក្នុងមួយថ្ងៃបីដង រហូតដល់ម៉ោង៣-៤ទៀបភ្លឺ ក៏មាន ក៏លោកស្រីមិនដែលរួញរា ព្រោះជាមុខរបរដែលខ្លួនស្រលាញ់។ ដោយសារតែការតស៊ូបានធ្វើលោកស្រី ទទួលបានជោគជ័យ ដោយបច្ចុប្បន្ន លោកស្រីមានផ្ទះផ្ទាល់ខ្លួនហើយ គឺជាទីតាំងពិតប្រាក មិនផ្លាស់ប្តូរទៅណាទៀតទេ។

លោកស្រីបានបញ្ជាក់ទៀតថា កត្តាដែលធ្វើឱ្យអាជីវកម្មម្ជូរវត្តភ្នំ១៦៨ របស់លោកស្រី អាចឈរជើងបានរហូតមកដល់សព្វថ្ងៃនេះគឺមានរយៈពេលជាង១០ឆ្នាំមកហើយ គឺពិតជាឆ្លងកាត់បទពិសោធន៍យ៉ាងច្រើន ហើយចំណុច ដែលពិសេសទៅទៀតនោះ គឺគ្រឿងជ្រលក់ ដែលមានរសជាតិប្លែក ច្រើនមុខ ដែលកើតចេញពីការច្នៃប្រឌិតដោយផ្ទាល់ ក្នុងការបង្កើនរសជាតិ បន្ថែម ទៅលើម្ជូរ និងធ្វើឱ្យមានការចូលចិត្ត កាន់តែច្រើនឡើងៗ ធ្វើឱ្យការលក់ សម្រាប់តែទីតាំងនៅវត្តភ្នំ ក្នុងមួយថ្ងៃអាចលក់ម្ជូរបានចាប់ពី១តោន ទៅ២តោន ទៅតាមរដូវកាលផងដែរ។

រហូតមកដល់បច្ចុប្បន្ន ម្ជូរវត្តភ្នំ១៦៨ បានចែកជាសាខា នៅទូទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស មានចំនួនជិត ៥០សាខាហើយ។ លោកស្រីលាភ ដាណេ បានឱ្យដឹងពីគោលការណ៍នៃការជ្រើសរើសឱ្យក្លាយជាតំណាងសាខារបស់ម្ជូរវត្តភ្នំ១៦៨ នេះ គឺមិនមែនចេះតែយកនោះទេ អ្នកដែលត្រូវចូលជាតំណាងសាខា ត្រូវតែជាអ្នកដែល ចេះតស៊ូ ព្យាយាម អត់ធ្មត់ ស្រលាញ់មុខរបររបស់ខ្លួន ជាពិសេសលោកស្រី ក៏បានជម្រុញដល់ស្រ្តីមេផ្ទះ ដែលមានបំណងចង់បង្កើនប្រាក់ចំណូលចូលគ្រួសារ។

ដោយទទួលបានជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន និងជាខួបគម្រប់១០ឆ្នាំ នៃអាជីវកម្មផងនោះ ម្ចាស់អាជីវកម្ម ម្ជូរវត្តភ្នំ១៦៨ បានរៀបចំកម្មវិធីមួយ ដល់ម្ចាស់សាខានានា ទូទាំងប្រទេស ដោយធ្វើយ៉ាងណាដើម្បីបង្កើនចំណូល បង្កើនអតិថិជន ផ្តល់ទំនុកចិត្តដល់អតិថិជន និងការរក្សាអតិថិជនឱ្យកាន់តែច្រើនឡើង។ “យុទ្ធសាស្រ្ត និងវិធីសាស្រ្តជម្រុញការលក់ឱ្យបានច្រើនទ្វេរដង” គឺជាប្រធានបទមួយ របស់ លោកស្រី លាភ ដាណេ ម្ចាស់អាជីវកម្មម្ជូរវត្តភ្នំ១៦៨ លើកយកមកចែករំលែកដល់សាខាម្ជូរវត្តភ្នំ១៦៨ ទាំងជិត៥០ទីតាំង ទូទាំងទូទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស ។

លោកស្រីលាភ ដាណេ ក៏បានឱ្យដឹងដែរថា នៅកំឡុងពេល ដែលជំងឺកូវីដ-១៩កំពុងរាតត្បាតខ្លាំង ហើយប្រទេសកម្ពុជាត្រូវបានបិទខ្ទប់រយៈពេលជិត២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺនេះ បានធ្វើឱ្យការលក់ដូររបស់ហាងម្ជូរវត្តភ្នំមានការថយចុះបន្តិច ប៉ុន្តែការលក់ដូរ នៅតែដំណើរការ លក់ដាច់ជាធម្មតា តែឥឡូវនេះចាប់ផ្តើមងើបឡើងវិញហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២