ទំនាស់ពាក្យសំដី បុរសជនជាតិចិនម្នាក់ យកកាំបិតចិតបន្លែ ចាក់ទៅលើគូទំនាស់ជាជនជាតិដូចគ្នា បណ្តាលឱ្យរងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ អំពើហិង្សាមួយបានកើតឡើង រវាងជនជាតិចិន០២នាក់ ដោយផ្តើមឡើងពីទំនាស់ពាក្យសំដី ទើបឈានទៅដល់បុរសជនជាតិចិនម្នាក់ យកកាំបិតចិតបន្លែ ចាក់លើគូទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ ហូរឈាមស្រោចខ្លួន ចំណែកជនបង្កបានរត់គេចខ្លួនបាត់។

អំពើហិង្សានេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងការដ្ឋានកិនថ្ម មួយកន្លែង ដែលមានយីហោ តៃវ៉ាន់ ខាំហ្វា ស្ថិតក្នុងភូមិក្រាំងច្រេស ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ៖ បុរសជនជាតិចិន ឈ្មោះ BU HUAZHAO អាយុ៥២ឆ្នាំ ស្នាក់នៅការដ្ឋានកិនថ្ម ក្នុងភូមិ ឃុំ កើតហេតុខាងលើ បានយកកូនកាំបិតចុងស្រួច ចាក់ទៅលើបុរស ជនជាតិចិនម្នាក់ទៀត ឈ្មោះ WANG JINYONG អាយុ៣៨ឆ្នាំចំនួនពីរកាំបិត ត្រូវចំដើមទ្រូង ខាងឆ្វេង មួយកាំបិត និងស្មាឆ្វេង ផ្នែកខាងក្រោយ មួយកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ។

សមត្ថកិច្ចបានបន្តថា ករណីនេះ បានបង្កឡើង ដោយសារតែបុរសពីរនាក់នោះ មានទំនាស់ពាក្យសម្តីគ្នា ហើយបានបង្កទៅជាអំពើហិង្សាតែម្ដង។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់។

ជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ រាជធានីភ្នំពេញ ហើយកម្លាំងនគរបាល កំពុងស្រាវជ្រាវតាមរកមុខសញ្ញា ជនសង្ស័យ ខាងលើ បន្តទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២