រថយន្តសាំយ៉ុងបុ..ករថយន្តស៊េរីទំនើបRolls Royceវៀចកង់ទៅមុខលែងរួច ហើយរថយន្តបង្កបើករត់បាត់

ភ្នំពេញ ៖ រថយន្តសាំយ៉ុងបើកមិនប្រយ័ត្នជ្រុលទៅបុកចំកង់ម្ខាងផ្នែកខាងក្រោយ រថយន្តស៊េរីទំនើបម៉ាកRolls Royce បណ្ដាលឲ្យវៀចកង់ទៅមុខលេងរួច ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២១ ត្រង់ចំណុចស្តុបដេអិន ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកRolls Royce ពណ៌ខ្មៅគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ2BJ-0208 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន បានជ្រុលទៅបុករថយន្តRolls Royce ចំកង់ចំហៀងខាងឆ្វេង ផ្នែកខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តRolls Royce វៀចកង់ទៅមុខលែងរួច ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ ដោយបន្សល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយម្ចាស់រថយន្តសុំសមត្ថកិច្ចយករថយន្តទៅជួសជុលដោយខ្លួនឯង ចំណែកស្លាកលេខរថយន្តបង្ក ត្រូវបានម្ចាស់រថយន្តរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរករថយន្តបង្កយកមកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២