មុននេះបន្តិច រដ្ឋាភិបាលទើបតែចេញវិញ្ញាបនបត្រ និងចុះបញ្ជីជូនដល់ក្រុមហ៊ុនថ្មីចំនួន១០ឱ្យទទួលបានសិទ្ធិវិនិយោគនៅកម្ពុជា

នៅមុននេះបន្តិច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC ) ទើបតែសម្រេចចេញវិញ្ញាបនបត្រ និងចុះបញ្ជីជូនដល់ក្រុមហ៊ុនថ្មីចំនួន១០ ឱ្យទទួលបានសិទ្ធិវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានមួយចំនួនគ្រោងបើកសណ្ឋាគារកម្រិតផ្កាយ៥ ,បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់,បង្កើតរោងចក្រកែច្នៃក្តាបន្ទះ ,បង្កើតរោងចក្រផលិតការ៉ូជ័រ និងគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីនៅស្ទឹងតាតៃលើជាដើម។គម្រោងទាំងអស់នេះនឹងបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង។

ក្រុមហ៊ុនទាំង១០ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែចេញវិញ្ញាបនបត្រចុះបញ្ជីនោះ រួមមាន៖

១- ក្រុមហ៊ុន INDEPENDENCE CLOTHING (CAMBODIA) CO., LTD: មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧១៤កន្លែង។

២- ក្រុមហ៊ុន CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD: មានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩២កន្លែង។

៣-ក្រុមហ៊ុន MUTITA TEXTILE SOCIAL ENTERPRISE CO., LTD: មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទុន វិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៤៩កន្លែង។

៤-ក្រុមហ៊ុន HAOPAI DECORATION MATERIAL (CAMBODIA) CO., LTD: មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។

៥- ក្រុមហ៊ុន TMH POULTRY CO., LTD: មានគម្រោងបង្កើតរោងចក្រកែច្នៃនិងវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និង ផលិតម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦កន្លែង។

៦- ក្រុមហ៊ុន ACADEMIC SOLAR ENERGY MFG CO., LTD: មានគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៥កន្លែង។

៧-ក្រុមហ៊ុន LONGFUITER ANLONG VENG ODDOR MEANCHEY AGRICULTURE PARK CO., LTD: មានគម្រោងវិនិយោគកសិកម្មដំណាំចេកនិងដំណាំហូបផ្លែ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៦៧កន្លែង។

៨- ក្រុមហ៊ុន K.B.X INVESTMENT CO., LTD: មានគម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៧កន្លែង។

៩- ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD:មានគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែង។

១០-ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED: មានគម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង៕

ដោយ៖ប្រូ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២