ដំណឹងល្អ ! រយៈពេលប្រមាណ៧ខែ កម្ពុជាផលិតបានមាសជិត២តោន

ខេត្តក្រចេះ ៖ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃច័ន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា រយៈពេល៧ខែកន្លងមកនេះ កម្ពុជាផលិតមាសបាន ១.៧៥១គីឡូក្រាម ពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ បរិមាណមាសដែលកម្ពុជាផលិតបាននេះ ចាប់ផ្តើមមានចំនួនច្រើនឡើងជាបន្តបន្ទាប់ ក្នុងរង្វង់៨០-១០០គីឡូក្រាមក្នុង១សប្តាហ៍។ហើយកម្ពុជាមានតំបន់ដែលមានធនធានរ៉ែជាច្រើនកន្លែងទៀត នៅមិនទាន់ស្រាវជ្រាវអស់ ដែលមានទាំងរ៉ែមាស ធ្យូងថ្ម និងរ៉ែផ្សេងៗទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំគួរតែនិយាយថា មាសដែលយើងផលិតនៅក្នុងខេត្តមណ្ឌលគិរី រយៈពេលជាង៧ខែមកនេះ យើងផលិតបាន១៧៥១គីឡូ ជាទូទៅក្នុង១សប្តាហ៍យើងផលិតបានពី៨០-១០០គីឡូកាន់តែច្រើន អីចឹងបានជាខ្ញុំដាក់គោលដៅប៉ូលសេដ្ឋកិច្ច នៅទិសឦសាន គឺកសិ-ឧស្សាហកម្ម និងធនធានរ៉ែ យើងមិនទាន់ស្រាវជ្រាវអស់នៅឡើយទេ យើងនៅមានរ៉ែផ្សេងទៀត ដូចជាធ្យូងថ្ម និងកន្លែងផលិតមាសដទៃទៀត មិនទាន់បានប្រើប្រាស់ យើងទើបចាប់ផ្តើមផលិតមាសប្រមាណជា ៧ខែ។ មាសរបស់យើងមិនទាន់ក្លាយជាមាសទឹក១០នោះឡើយទេ យើងផលិតជាដុំៗ មាន២០គីឡូ ៣០គីឡូ ទើបដឹកពីកម្ពុជាទៅចម្រាញ់ជាមាសទឹក១០ នៅប្រទេសអូស្ត្រាលី»។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ អាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវនេះ វិនិយោគដោយក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលី ជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែ លោហៈចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦ មកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុនទាំងនោះ ពុំទាន់អាចវាយតម្លៃថា ជាការសិក្សាស្រាវជ្រាវផ្តោតតែលើរ៉ែមាស ឬលោហៈផ្សេងទៀតនៅឡើយទេ ដោយហេតុថា គម្រោងសិក្សាស្រាវជ្រាវទាំងនោះ ស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃ សក្តានុពលធនធានរ៉ែ និងមួយចំនួនទៀត កំពុងរៀបចំជារបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពនៃជម្រកធនធនរ៉ែ។

លោក ឌីប៊ូឡា បានបន្តថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត ចាប់ផ្តើមធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំង នៅខេត្តរតនគិរី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២