រដ្ឋាភិបាលទើបតែអនុម័ត ចុះបញ្ជី លើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ មានទឹកប្រាក់វិនិយោគសរុបចំនួន ១៨.៦ដុល្លារ

រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ទើបតែអនុម័ត ចេញវិញ្ញាបនបត្រ ចុះបញ្ជីលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនមួយ មកបង្កើតរោងចក្រខារអំបោះ និងក្រុមហ៊ុនចំនួន៣ទៀតបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទុនវិនិយោគសរុបចំនួន ១៨.៦លានដុល្លារ ជាមួយនឹងការបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង ។

ក្រុមហ៊ុនទាំង៤ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែអនុម័តចុះបញ្ជី និងចេញវិញ្ញាបនប័ត្រឱ្យនោះរួមមាន៖

១-ក្រុមហ៊ុន GLOBAL XILIN GARMENT ACCESSORY CO., LTD: មានគម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ ៤១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

២- ក្រុមហ៊ុនTOYOKI APPAREL (CAMBODIA) CO., LTD: មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩២៩កន្លែង។

៣-ក្រុមហ៊ុន KH WIN STAR GARMENT CO., LTD:មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

៤-ក្រុមហ៊ុន HONG RI (CAMBODIA) CLOTHING CO., LTD: មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៨៤កន្លែង៕

ដោយ៖ប្រូ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២