រដ្ឋាភិបាលទើបតែសម្រេចចុះបញ្ជីលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន២ ដែលមានទុនវិនិយោគរាប់លានដុល្លារ

តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២គឺក្រុមហ៊ុន XING KAI SEN GARMENT CO., LTD និងក្រុមហ៊ុន XIN JIALE INTERNATIONAL (CAMBODIA) CO., LTD: គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង២នេះ។ ដោយក្រុមហ៊ុនមួយមកបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រុមហ៊ុនមួយទៀតបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទុនវិនិយោគរាប់លានដុល្លារ ជាមួយការបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង។

ក្រុមហ៊ុនទាំងពីរ ដែលទើបទទួលបានការចុះបញ្ជីលើគម្រោងវិនិយោគរបស់ខ្លួននោះរួមមាន ៖

១-ក្រុមហ៊ុន XING KAI SEN GARMENT CO., LTD: មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណជា ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៦០០កន្លែង។

២-ក្រុមហ៊ុន XIN JIALE INTERNATIONAL (CAMBODIA) CO., LTD: មានគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណជា ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ១.២២៧កន្លែង៕

ដោយ៖ប្រូ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២