សមាគមមីក្រូហិរញវត្ថុកម្ពុជា ចុះហត្ថលេខាភាពជាដៃគូកម្រិតយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា

ពិធីចុះហត្ថលេខាភាពជាដៃគូកម្រិតយុទ្ធសាស្រ្តរវាងសមាគមមីក្រូហិរញវត្ថុកម្ពុជា (CMA) ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ត្រូវបានប្រារព្ធធ្វើឡើងក្នុង មហាសន្និបាតប្រចាំឆ្នាំលើកទី១៦ និងវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពីការពង្រឹងភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងបរិបទនៃការរស់នៅជាមួយCOVID-19 ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា និងមានការចូលរួមពីតំណាងសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ ។

ក្នុងពិធីចុះអនុស្សារណៈភាពជាដៃគូកម្រិតយុទ្ធសាស្រ្ត ដើម្បីចូលរួមគាំទ្រដល់គម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ ដោយគម្រោងនេះមានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥ របស់ធនាគារជាតិនៃកម្ពុជា។ បរិយាបន្នហិរញ្ញវត្ថុ គឺសំដៅលើលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលាស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានការការពារតាមផ្លូវច្បាប់។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា៖ គម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ នឹងផ្តោតអាទិភាព លើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា លើកកម្ពស់តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ និងការពង្រឹងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ដោយសម្របតាមយុទ្ធសាស្រ្តបរិយាបន្នហិរញ្ញវត្ថុថ្នាក់ជាតិ ខណៈដែលសមាគមក៏បានរៀបចំយុទ្ធសាស្ត្រប្រាំឆ្នាំរបស់ខ្លួនអោយស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិផងដែរ។

ការជួយគាំទ្រដល់សកម្មភាពផ្សេងៗរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងបរិយាបន្ននៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលរបស់កម្ពុជា លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ CBC បានថ្លែងថា ការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅប្រទេសកម្ពុជា CBC បានប្តេជ្ញាក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅ កម្ពុជា តាមរយៈការចូលរួមថវិកាបដិភាគជិត ១លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយថវិកានេះនឹងត្រូវដាក់ចូលរួមគ្នាជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចំនួន ១,២លានដុល្លារ ក្នុងគម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាល ទី២ សរុបជាង ២លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាឱ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសម្បូរបែបទាន់ពេលវេលាតាមរយៈ ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ បច្ចុប្បន្នសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន ១២១ស្ថាប័នរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧៣ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១២ គ្រឹះស្ថានឥណទានជនបទចំនួន២៦ និងធនាគារចំនួន៥ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២