នៅក្នុងខែមករា កម្ពុជាប្រមូលចំណូលពន្ធដារបានរហូតដល់ទៅ ២៨៨,២៣លានដុល្លារ

វិស័យពន្ធដារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិឱ្យរឹងមាំ នៅកំឡុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាបានជួបនូវវិបត្តិដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យការប្រមូលពន្ធដារមានការធ្លាក់ចុះ ហើយសេដ្ឋកិច្ចជាតិត្រូវបានជាប់គាំងអស់រយៈពេលជិតពីរឆ្នាំ។ប៉ុន្តែនៅពេលការរាតត្បាតនៃជំងឺកូវីដ-១៩បានធូរស្បើយ រដ្ឋាភិបាលបានប្រកាសបើកប្រទេស និងបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញបានធ្វើឱ្យការប្រមូលពន្ធដារមានការកើនឡើងវិញ ហើយសេដ្ឋកិច្ចជាតិក៏បានងើបឡើងជាមួយគ្នានោះដែរ ។

គ្រាន់តែនៅក្នុងខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ចំណូលដែលបានមកពីការប្រមូលពន្ធដារទទួលបានរហូតទៅដល់  ១១៦៧,៣៤ ប៊ីលានរៀល (២៨៨,២៣លានដុល្លារ)។បើធៀបនឹងរយៈពេលដូចគ្នាខែមករា ឆ្នាំ២០២១កន្លងទៅ មានការកើនឡើង ២៨៧,៦ ប៊ីលានរៀល (៧១,០៣លានដុល្លារ) ប្រមាណជា ៣២.៧០% ។នេះបានបង្ហាញឱ្យឃើញពីការងើបឡើងវិញនៃវិស័យពន្ធដារនៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា ដោយសារតែកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារបានចេញជាលទ្ធផលផ្លែផ្កា ដោយបានបង្ហាញថា ចំណូលពន្ធដារដែលប្រមូលបាននៅក្នុងខែមករា ២០២២ សម្រេចបាន ១១៦៧,៣៤ ប៊ីលានរៀល (២៨៨,២៣លានដុល្លារ) ស្មើនឹង ១០.២២% នៃផែនការប្រចាំឆ្នាំ ២០២២ ។ បើធៀបនឹងរយៈពេលដូចគ្នាខែមករា ឆ្នាំ២០២១កន្លងទៅ មានការកើនឡើង ២៨៧,៦ ប៊ីលានរៀល (៧១,០៣លានដុល្លារ) ប្រមាណជា ៣២.៧០% ខណៈវិស័យមួយចំនួននៅតែបន្តលើកលែង ក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ៕

ដោយ៖ប្រូ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២