កម្ចីប្រាក់ក្រៅប្រព័ន្ធអំឡុងកូវីដ-១៩ រាតត្បាតធ្វើឱ្យកូនបំណុលវ័ណ្ឌក

(ភ្នំពេញ)៖អស់រយៈពេលជាច្រើនឆ្នាំ លោក រាសីខ្ពស់ ដែលមានវ័យប្រហែល ៤០ឆ្នាំ បានក្លាយជាមនុស្សមានមុខមានមាត់ម្នាក់ក្នុងសង្គម ក្នុងឋានៈជាថៅកែទិញ-លក់រថយន្តមួយទឹកនៅរាជធានីភ្នំពេញ​។ បន្ថែមពីការងារទិញលក់រថយន្ត លោក រាសីខ្ពស់ ក៏បានកុម្ម៉ង់ឥវ៉ាន់​ពីប្រទេសថៃ និងចិនយកមកលក់ រហូតដល់ឆ្នាំ២០១៧ ពេលដែលគាត់មើលឃើញថាអាជីវកម្មមួយនេះមានការរីកចម្រើនខ្លាំង។

ជាអកុសល លោក រាសីខ្ពស់ ដែលសុំមិនប្រាប់ឈ្មោះពិតរបស់លោកដើម្បីរក្សាកិត្តិយសនោះ និយាយថារាសីរបស់លោកបានធ្លាក់ចុះទាបវិញយ៉ាងគំហុក ចាប់ពីឆ្នាំ២០១៩មក នៅពេលដែលជំងឺកូវីដ-១៩ ចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ​ លោកត្រូវបែកបាក់គ្រួសារដោយសារតែបំណុលវ័ណ្ឌក​ទៀតផង។

នៅឆ្នាំ២០២១ ស្ថានភាពសេដ្ឋកិច្ចរបស់លោកកាន់តែធ្លាក់ដុនដាប ដោយទីតាំងអាជីវកម្មត្រូវបានបិទបណ្តោះអាសន្ន និងត្រូវដាក់នៅក្នុងតំបន់ក្រហម ក្នុងខណៈដែលថៅកែរូបនេះត្រូវបន្តបង់ថ្លៃជួលទីតាំង និងសងបំណុលធនាគារ ជាធម្មតា។

«ខ្ញុំក៏កើតជំងឺហ្នឹងទៀត ខឹងគេយកយើងទៅឃុំ ទីតាំងដែលយើងជួលគេរកស៊ីនៅដដែល ចំណែកបំណុលយើងជាមួយធនាគារឯកជនខាងក្រៅនៅតែមានដដែល ហើយបុគ្គលិកនៅចំណាយដដែល។» លោក រាសីខ្ពស់ រម្លឹកឡើងវិញ។

ទោះបីជាយ៉ាងណា លោក រាសីខ្ពស់ មិនមែនជាអ្នកជំនួញ ឬជនជាតិខ្មែរតែម្នាក់ដែលទទួលរងគ្រោះ និងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ឡើយ។

ស្ទើរតែអ្នកជំនួញទាំងអស់ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសសុទ្ធតែទទួលរងផលប៉ះពាល់ និងរងគ្រោះដោយផ្ទាល់ និងប្រយោល នៅពេលដែលជំងឺកូវីដ-១៩ បានរីករាលដាលដល់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩មក។

លោក ប៉ិច ប៉ូឡែន ជាអនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយក Westline Education Group បានលើកឡើងថា ក្នុងវិបត្តិកូវីដរយៈពេលជាង ២ឆ្នាំ មើលទៅអាជីវកម្មហាក់បីដូចជាដើរថយក្រោយ ២ ទៅ៣ឆ្នាំ។

លោកនិយាយថា៖ «វាធ្វើឱ្យអាជីវកម្មស្ទើរគ្រប់វិស័យជាប់ផុងជាមួយបំណុលបន្ថែមនៅធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមទាំងបំណុលក្រៅប្រព័ន្ធ បើទោះបីខាងសមាគមមិនមានតួលេខច្បាស់ ក៏ជឿជាក់ថាម្ចាស់អាជីវកម្មគ្រប់រូបជៀសមិនផុតពីបំណុលទាំងក្នុង និងក្រៅប្រព័ន្ធនោះទេ»

ស្ថិតក្នុងស្ថានភាពអាជីវកម្មតាមបែបគន្លងថ្មីលោក ប៉ិច ប៉ូឡែន បានលើកឡើងថារយៈពេល ២ឆ្នាំចុងក្រោយ ធុរកិច្ចទូទៅចាប់ផ្តើមប្រែប្រួលដោយអាជីវកម្មចាស់គេលែងត្រូវការ ហើយអាជីវកម្មមិនដែលមានពីមុនបែរជាមានតម្រូវការខ្ពស់ ឬក៏មានការប្រែប្រួលទាំងប្រភពចំណូល ទម្រង់ចំណាយបែបម៉ូដែលអាជីវកម្មថ្មីក្នុងបរិបទកូវីដ ។

លោកបានឱ្យយោបល់ថា៖   «ស្ថិតក្នុងដំណាក់មួយនេះម្ចាស់អាជីវកម្មកុំគិតធ្វើអីតែឯង ត្រូវមើលអាជីវកម្មយើងកំពុងធ្វើ តើវាដើរទៅមុខដែរឬទេ?» 

លោកស្រី អែម ណូវ៉ា ហៅស្រី ណូ ជាអតីតអាជីវករលក់គ្រឿងក្រអូបនៅផ្សារពិភពថ្មីកំបូល ព្រមទាំងជាអ្នកឈ្នួញកណ្តាលលក់ដីឡូតិ៍ និងជាម្ចាស់ភោជនីយដ្ឋានពីរ បីកន្លែង (ការ៉ុត Pub) បុរីពិភពថ្មីកំបូល រាជធានីភ្នំពេញ ទើបចេញពីពន្ធនាគារបានជាង ១០ថ្ងៃ នៅពាក់កណ្តាលខែកុម្ភៈឆ្នាំនេះ បន្ទាប់ពីត្រូវរងបណ្តឹងម្ចាស់បំណុលប្តឹងដាក់គុកពីបទ​ឆបោក។

លោកស្រី ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយលោកស្រីត្រូវបំពេញកាតព្វកិច្ចចិញ្ចឹមកូនតូចៗគ្មានអ្នកមើលថែ មានផ្ទៃពោះជិតគ្រប់ខែ និងត្រូវប្តីលែងដោយសារតែលាក់បាំងបំណុលវ័ណ្ឌក។

ក្នុងសន្និសីទសារព័ត៌មាន ស្រី ណូ បានពន្យល់ថា៖ «កម្ចីដំបូងពីសាច់ញាតិ ម្តងពី ៥ពាន់ទៅ ២ម៉ឺន (ដុល្លារ)។ នៅពេលបង់លុយយឹតយ៉ាវម្ចាស់បំណុលគំរាមសម្លាប់ គំរាមប្តឹងចាប់ដាក់គុក និងប្រាប់ទៅប្តី ទាំងនេះទើបបង្ខំចិត្តលក់ផ្ទះ លក់ដី និងដាក់ទ្រព្យបញ្ចាំ និងខ្ចីម្ចាស់បំណុលផ្សេងទៀតទាំងការប្រាក់ថ្លៃ ដើម្បីយកលុយដោះបំណុលមួយគ្រា។»

គិតត្រឹមខែឧសភា ឆ្នាំ២០២១ ស្រី ណូ បានខ្ចីសងៗទាន់ពេលជាមួយម្ចាស់បំណុលឈ្មោះ​ ចាប់ សុភាព សរុបទឹកប្រាក់ជាង ៧១៥.៤៥០ដុល្លារ សងត្រឡប់បានជាង ៦២​៣​.​០​៨​០​ដុល្លារ នៅមិនទាន់គិតការសងតាមប្រព័ន្ធវេរលុយ និងការសងផ្ទាល់ជាច្រើនទៀត។

ទីបំផុតស្រី ណូ ត្រូវបានម្ចាស់បំណុលប្តឹងចាប់ដាក់គុកពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»

ក្រោយពីស្រី ណូ បានចេញពីពន្ធនាគារមិនបានប៉ុន្មានផង គាត់ត្រូវបានម្ចាស់បំណុលធនាគារ ABA ដែលខ្លួនបានយកប្លង់ផ្ទះដាក់បញ្ចាំ៦ម៉ឺនដុល្លារនោះ គំរាមចាត់វិធានការតាមផ្លូវច្បាប់ទៀត។

គួរបញ្ជាក់ថា ករណីយកប្លង់ផ្ទះ ឬធ្វើលិខិតទិញ-លក់ឡានដាក់បញ្ចាំធនាគារឯកជន អាចត្រូវបានម្ចាស់បំណុលធនាគារចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នា។

លោកមេធាវី រស់ ផល្លា បានពន្យល់ថា «និយមន័យកាតព្វកិច្ច គឺជាករណីយកិច្ច ដែលបុគ្គលម្នាក់ មានចំពោះបុគ្គលម្នាក់ទៀត។ ម្ចាស់បំណុលមានសិទ្ធិត្រូវគ្នាទៅនឹងករណីយកិច្ចរបស់កូនបំណុល​។ ការខ្ចីចងការប្រាក់ ជាទូទៅម្ចាស់បំណុលអាចប្ដឹងកូនបំណុលក្នុងរឿងរដ្ឋប្បវេណី ដោយម្ចាស់បំណុលធ្វើបណ្ដឹងទាមទារឱ្យផ្ដល់តាវកាលិកពីកូនបំណុល ទៅតុលាការបាន។»

តាមសទ្ទានុក្រមនៃ មាត្រា ៣០៨ ច្បាប់ក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ កាតព្វកិច្ច គឺជាទំនាក់ទំនងគតិយុត្ត បុគ្គលដែលមានករណីយកិច្ចហៅថា កូនបំណុល រីឯបុគ្គលដែលទទួលផលប្រយោជន៍ ពីករណីយកិច្ចនោះ ហៅថាម្ចាស់បំណុល។

លោក សុខ វឿន នាយក​ប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានថ្លែងថា ជាធម្មតា អិលអូអិលស៊ី តែងតែព្យាយាមឱ្យអស់លទ្ធភាពក្នុងការរកដំណោះស្រាយឈ្នះ-ឈ្នះ ជាជាងការដាក់បណ្ដឹងទៅតុលាការ។ ប៉ុន្តែក្នុងករណីដែលទំហំកម្ចីធំ ហើយអតិថិជនមានសមត្ថភាពពេញលេញក្នុងការបង់សង តែមិនមានឆន្ទៈក្នុងការសងទេនឹងដាក់បណ្តឹងទៅតុលាការដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់។

លោកបន្តទៀតថា ក្នុងអំឡុងកូវីដ-១៩ ជាងពីរឆ្នាំមកនេះ អិលអូអិលស៊ី មិនមានដាក់បណ្ដឹងអតិថិជនដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ទៅតុលាការនោះទេ។

លោកនិយាយថា៖ «គឺមានតែការជួយសម្រួលដល់អតិថិជនដែលប្រឈមនឹងការលំបាកក្នុងការបង់សងឥណទាន អិលអូអិលស៊ី ក៏បានផ្តល់ជាជម្រើសក្នុងការរៀបចំឥណទានឡើងវិញដល់អតិថិជន ដើម្បីពន្យាពេលក្នុងការបង់សងប្រាក់ដើម ឬអាចបង់សងប្រាក់កម្ចីមួយផ្នែកណាមួយទៅតាមលទ្ធភាពជាក់ស្តែង​របស់អតិថិជន។»

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា រយៈពេល ២ឆ្នាំ នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ មិនមានសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បា​នប្តឹងកូនបំណុលឡើងតុលាការទេ។ ប៉ុន្ត លោកនិយាយថា បើមិនមែនជាសមាជិកសមាគមលោកទេ ក៏លោកមិនដឹងពីទិន្នន័យដែរ​។​

លោកបន្តទៀតថា៖ «ជាទូទៅនៅពេលធនាគារឯកជន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រេចចិត្តប្តឹងអតិថិជនមួយ លុះត្រាតែអតិថិជនមានសមត្ថភាពសង តែគាត់មិនព្រមសង។ ប្រសិនបើធនាគារមិនមានចំណាត់ការប្តឹងទេវាអាចនាំឱ្យអតិថិជនផ្សេងទៀតយកតម្រាប់តាម។ ចំពោះការប្តឹងនេះនៅពេលធនាគារឯកជន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្តឹងពីបទ រដ្ឋប្បវេណី មិនបំពេញកាតព្វកិច្ចបំណុល។»

ចំណែកលោក រាសីខ្ពស់ ក្រោយពីព្យាបាលកូវីដជាសះស្បើយ លោកត្រូវប្រឈមមុខការរើសអើងបន្ថែមទៀត និងទីតាំងស្ថិតនៅតំបន់ក្រហមលក់រថយន្តមិនដាច់មានតែការចំណាយសព្វបែបយ៉ាង។

លោកត្អូញត្អែរថា៖ «កាលនោះខ្ញុំជាសះស្បើយ ហើយបើកដំណើរការអាជីវកម្មឡើងវិញគាប់ជួនតំបន់ខ្ញុំរកស៊ីស្ថិតក្នុងតំបន់ក្រហម និងទីតំាងខ្ញុំត្រូវបានផ្សព្វផ្សាយតាមរយៈសារព័ត៌មានឡើងល្បីថាថៅកែកើតកូវីដ ធ្វើឱ្យអតិថិជនមានការភ័យខ្លាចមិនហ៊ានចូលទិញ។»

អ្នកជំនួញសម្លឹងឃើញឱកាសពាណិជ្ជកម្មផ្សេងៗគ្នា ក្រោយពីប្រមុខរាជរដ្ឋាភិបាលបាន​ប្រកាស​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ​ ​លើ​គ្រប់​វិ​ស័​យ​ ​និង​ការរស់នៅ​ជាមួយ​កូ​វី​ដ​-​១​៩​ ​តាម​បែប​គន្លង​ថ្មី​ ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១។

លោក រាសីខ្ពស់ បានរៀខរាោយបរាប់ថា៖ «ដោយសារនៅជាប់ធនាគារពីររួចហើយ (ខ្ញុំ) ទៅខ្ចីកន្លែងផ្សេងគេឆែក (CBC) គេមិនឱ្យខ្ចីទៀតទេ មានតែខ្ចីលុយចិន បើទោះបីអត្រាការប្រាក់ថ្លៃជាង ៣០% ក៏ដោយក៏ត្រូវខ្ចីមកដែរ ដើម្បីដោះទ័លការពារអាជីវកម្មកុំឱ្យដួល និងកុំឱ្យខ្មាសគេ ក្រៅពីនេះនៅមានចេញសែកតម្លល់ខ្ចីលុយពីអ្នកផ្សេងច្រើននាក់ទៀត។»

ចំណែកស្រី ណូ បានរស់នៅក្រៅឃុំបណ្តោះអាសន្នក៏ដោយក៏មិនអាចគេចផុតបណ្តឹងពីម្ចាស់បំណុលផ្សេងទៀតនោះទេ។

សព្វថ្ងៃស្រី ណូ កំពុងរងបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញចំនួន ៣សំណុំរឿង និងនៅសាលាឧទ្ធរណ៍មួយសំណុំរឿងជាប្រភេទបណ្តឹងព្រហ្មទណ្ឌពីបទ «​ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។»

ស្រី ណូ រៀបរាប់ថា៖ «ម្ចាស់បំណុល កែវ ដាលីស បានដាក់ពាក្យប្តឹងខ្ញុំពី បទឆបោក និងមិនបំពេញកាត​ព្វ​កិច្ច​​ចំ​ពោះឧបករណ៍អាចជួញដូរបាន ក្នុងទឹកប្រាក់ ១៥.០០០ដុល្លារ ធាតុពិតខ្ញុំបានខ្ចីប្រាក់គាត់តែ ៤០០០ដុល្លារ ស្របពេលកូវីដកំពុងផ្ទុះខ្លាំង អាជីវកម្មត្រូវបានផ្អាក មិនបានសងរយៈពេល ៣ខែត្រូវបានម្ចាស់បំណុលពិន័យក្នុង ១ថ្ងៃចាប់ពី (១០០ ទៅ១៦០ដុល្លារ រយៈពេល ៣ខែ) ដោយម្ចាស់បំណុលដឹងពីចំណុចខ្សោយខ្ញុំ ម្ចាស់បំណុលគំរាមប្រាប់ប្តីខ្ញុំ និងការគំរាមប្តឹងដាក់គុក។ ចុងក្រោយលួងលោមឱ្យខ្ញុំជួយចេញសែក និងធ្វើកិច្ចសន្យាធានាបំណុល។»

ម្ចាស់បំណុលម្នាក់ទៀតឈ្មោះ មាន វួចនា ប្តឹងស្រី ណូ ករណីដូចគ្នាលើទឹកប្រាក់ ៨០.០០០ដុល្លារ។ គាត់បានពន្យល់ថា គាត់ខ្ចីលើកទី១ ២៥.០០០ដុល្លារ ដោយម្ចាស់បំណុលត្រូវកំណត់ឱ្យចេញសែកធានា ៤០.០០០ដុល្លារ បូកការប្រាក់។

ស្រីណូ និយាយថា៖ «ខ្ញុំសងរយៈពេល ៣ខែ លុយដើមនៅសល់ ១៥.០០០ដុល្លារ ដោយមានតម្រូវការចាំបាច់ខ្ញុំបានខ្ចីបន្ថែម ២០.០០០ដុល្លារទៀត ម្ចាស់បំណុលតម្រូវឱ្យបង់ការប្រាក់ប្រចាំថ្ងៃក្នុងមួយថ្ងៃ ២០០ដុល្លារ។

បច្ចុប្បន្ន បើទោះបីមិនមានតួលេខបង្ហាញជាផ្លូវការពាក់ព័ន្ធបណ្តឹង ចេញសែកស្អុយដាក់ធានា ឬបញ្ចាំអ្វីមួយនោះ តែងតែឃើញមានអ្នកជំនួញតូច-ធំ អ្នកមានឋានន្តរស័ក្តិតូច-ធំ ក៏គេចមិនរួចពីប្រព័ន្ធច្បាប់លើករណីចេញសែកគ្មានទឹកប្រាក់នេះឡើយ​។

លោកមេធាវី រស់ ផល្លា បានលើកឡើងថាការធ្វើកិច្ចសន្យាទិញ-លក់ ឬដាក់សែកតម្កល់ដើម្បីធានាកាតព្វកិច្ចរបស់កូនបំណុល ម្ចាស់បំណុលអាចធ្វើបណ្ដឹងណាមួយក៏បាន។

យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់

មានចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ ដោយការជំទាស់ ឬការដកប្រាក់ពីគណនីសម្រាប់ទូទាត់មូលប្បទានប័ត្រ (សែក)

  • ជាប់បំណុលលើឧបករណ៍អាចជួញដូរបាន ដោយមានចេតនាមិនទូទាត់សងឧបករណ៍នោះនៅពេលដល់ឥណប្រតិទាន
  • មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាននៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ
  • ត្រូវផ្តន្ទាទោសពិន័យប្រាក់ចំនួនពី ពីរ (០២)លាន ដល់ប្រាំមួយ (០៦)លានរៀល និងត្រូវ ផ្តន្ទាទោសជាប់ពន្ធនាគារពីមួយ (១) ឆ្នាំ ទៅ បី (៣)ឆ្នាំ ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនប្រាក់ នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់។

អ្នកជិតខាងនៅទីតាំងភោជនីយដ្ឋាន ការ៉ុត Pub ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន ថោន ថាមិនបានដឹងថាថៅកែហាង ការ៉ុត ជំពាក់បំណុលគេច្រើនបែបនេះទេ នៅពេលផ្ទុះរឿងទើបឃើញមានម្ចាស់បំណុលជាច្រើនបានមកទារបំណុល រួមទាំងបានឃើញពួកចិនយករូបគាត់មកបិទនៅមុខហាង ជាច្រើនដង។

អ្នកជិតខាងរូបនេះ និយាយថា៖ «រាប់ចាប់តាំងពីថ្ងៃផ្ទុះរឿងឃើញមានម្ចាស់បំណុលមិនដឹងមកពីណាខ្លះទេខ្ញុំ ឃើញមានពួកចិន(មានអ្នកបកប្រែ) បានសួរនាំ និងបានបិទរូបគាត់ (ស្រី ណូ) នៅមុនហាង និងក្បែរៗនេះ»។

ករណីកម្ចីលុយចិន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង តារាកំប្លែងស្រីល្បីឈ្មោះនៅកម្ពុជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដោយសារតែរូបនាងបានសម្រក់ទឹកភ្នែកដាច់ចិត្តទម្លាយរឿងជំពាក់បំណុលគេរហូតជាង ៥៧ម៉ឺនដុល្លារ។

តារាកំប្លែងស្រីរូបនេះបានបន្តទៀតថា បំណុលរបស់នាងភាគច្រើនលើការកម្ចីរបស់ក្រុមហ៊ុនចិនដោយគិតអត្រាការប្រាក់ខ្ពស់រហូត ៤០% ទៅ៥០%។

លោកមេធាវី ផល្លា ថាការប្រើប្រាស់មធ្យោបាយរបស់ម្ចាស់បំណុលដូចជាគំរាមសម្លាប់ ផ្សព្វផ្សាយបង្ខូចកេរ្តិ៍ឈ្មោះ ឬបិទរូបតាមទីសាធារណៈដោយសារតែកូនបំណុលមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួននោះ គឺជាអំពើអសណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់របៀបរៀបរយសាធារណៈ។ លោកនិយាយថា អំពើរបស់ម្ចាស់បំណុលខាងលើនេះ ច្បាប់ក៏បានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌផងដែរ ដូចមានចែងក្នុងមាត្រា២៧ មាត្រា១៩៩ បទប៉ុនប៉ងឃាតកម្ម  មាត្រា៣៧២ បទគំរាមហែកកេរ្តិ៍ ជាដើម។

ចំណែកក្នុងរឿងរដ្ឋប្បវេណីវិញ លោកមេធាវី និយាយថាច្បាប់ក៏បានកំណត់ឱ្យទទួលខុសត្រូវចំពោះអំពើខាងលើផងដែរ ដោយផ្អែកលើមាត្រា៧៤៣ នៃអំពើអនីត្យានុកូល​។ មាត្រា៤ នៃក្រមរដ្ឋប្បវេណី កំណត់ថាទោះបីជាសិទ្ធិក៏ដោយ ក៏ពុំត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សិទ្ធិដោយបំពានឡើយ ទោះបីជាដឹងថាខ្លួនមានសិទ្ធិក៏ដោយ ។

លោក សុខ វឿន បានថ្លែងថា អិលអូស៊ី រួមជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន ១២១ស្ថាប័ន តែងតែធ្វើការផ្សព្វផ្សាយដល់អតិថិជន ដើម្បីមកទទួលឥណទានពីគ្រឹះស្ថានផ្លូវការ ដើម្បីទទួលបានអត្រាការប្រាក់សមរម្យ និងមានគោលការណ៍ការពារអតិថិជនត្រឹមត្រូវ។​

លោក កាំង តុងងី ថ្លែ​ង​​ថាករណីកម្ចីក្រៅប្រព័ន្ធមិនមានច្បាប់ ឬអាជ្ញាធរគ្រប់គ្រងច្បាស់លាស់ឡើង ខុសពីកម្ចីក្នុងប្រ​ព័ន្ធដែលត្រូវបានគ្រប់គ្រងដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសធនាគាជាតិ នៃកម្ពុជា​។លោកនិយាយថា៖ «បំណុលក្រៅប្រព័ន្ធ មិនប្រាកដថាខុសច្បាប់នោះទេ ប្រសិនបើគេធ្វើវាក្នុងទម្រង់ផ្ទាល់ខ្លួន តែបើធ្វើជាកម្រិតក្រុមហ៊ុននឹងត្រូវរងការទប់ស្កាត់ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន ១២១ស្ថាប័ន ក៏ដូចជាធនាគារជាតិនៃកម្ពុជា បានធ្វើយុទ្ធនាការអប់រំជាច្រើនក្នុងរយៈពេលកន្លងមក។»

លោក ប៉ិច ប៉ូឡែន បានពន្យល់ថា ការខ្ចីបំណុលលុះត្រាតែមានលទ្ធភាពរកចំណូល និងលទ្ធភាពសង តែបើក្នុងខណៈពេលដែលបំណុលយកមកត្រឹមតែស្តារអាជីវកម្ម គួរជៀសវៀង ប្រសិនបើអាជីវកម្មមិនមានលទ្ធភាពស្តារបានវិញនោះ។

លោកបានឱ្យយោបល់ថា៖ «ប្រសិនបើប្រភពចំណូលមិនប្រាកដប្រជា កុំខ្ចីមកស្តារអាជីវកម្ម កុំឱ្យ​បាត់បង់ កុំឱ្យបាក់មុខ ដោយសារតែអាជីវកម្មនោះតមក​ពីជំនាន់ឪពុកម្តាយ ឬដូនតា កុំអី ប៉ុន្តែប្រសិនបើអាជីវកម្មនៅមិនទាន់មានការប្រាកដប្រជា​ អាចផ្អាកអាជីវកម្មសិន កុំទាន់ខ្ចីបំណុលខណៈពេលអាជីវកម្មមិនទាន់ច្បាស់ទៅមុខនាំឱ្យយើងកើនចំណាយ ឬបន្ទុកបន្ថែម»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២