រដ្ឋាភិបាលជប៉ុនផ្តល់ទៀតហើយ ម្តងនេះផ្តល់ជំនួយឥតសំណងជាង ៥០លានដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន៤ នៅកម្ពុជា

រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងនូវទឹកប្រាក់ប្រមាណជា ៥១.៣លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤ នៅកម្ពុជា ។ ហើយការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួន ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងពិធីចុះហត្ថលេខានេះគឺ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងពេលដែលឯកឧត្តមបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

ការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន លើគម្រោងសំខាន់ៗចំនួន៤ នោះ រួមមាន៖

១-គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ចំនួន ២.៤៥១លានយ៉េន (ប្រមាណ ១៧លានដុល្លារអាមេរិក)។

២-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណជា ៨លានដុល្លារអាមេរិក)។

៣-គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ចំនួន ៤៣៦លានយ៉េន (ប្រមាណជា ៣លានដុល្លារអាមេរិក)។

៤-គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ចំនួន ៣.៣៦១លានយ័ន (ប្រមាណជា ២៣លាន ៣សែន ដុល្លារអាមេរិក)។

ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏នឹងចុះហត្ថលេខាលើឯកសារជាមួយភាគីជប៉ុនដូចខាងក្រោម៖

-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន០៣ខាងលើ ដែលអនុវត្តដោយ JICA ជាមួយលោកស្រី កាមេ ហារូកុ (KAME Haruko ប្រធានការិយាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជា

-អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក (តូហ្ស៉ីមីតស៊ូ អ៉ីម៉ៃ) Toshimitsu Imal អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation។

ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២