កម្ពុជាត្រូវការថវិកា ៥០ពាន់លានដុល្លារ ដើម្បីរៀបចំផែនការមេភស្តុភារកម្ម ជាមួយនឹងការអនុវត្តគម្រោងចំនួន ៣៣២គម្រោង

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងរៀបចំ មជ្ឈមណ្ឌលភស្តុភាកម្ម (Logistics Hub)ក្នុងគោលបំណងដើម្បីធ្វើឱ្យកម្ពុជាក្លាយទៅជាអនុតំបន់ភស្តុភាកម្ម ដែលនឹងដើរតួនាទី និងជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ហើយដើម្បីរៀបចំផែនការមេភស្តុភារកម្មនេះគឺកម្ពុជាត្រូវការទំហំថវិកាប្រមាណជា ៥០ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន ៣៣២គម្រោង ។

នៅកំឡុងពេលកិច្ចប្រជុំទ្វេភាគី ជាមួយ ឯកឧត្តមបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅខណៈពេលដែលឯកឧត្តមបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំមជ្ឈមណ្ឌលភស្តុភាកម្ម (Logistics Hub) ធ្វើឱ្យកម្ពុជាក្លាយជាអនុតំបន់ភស្តុភាកម្ម ជាពិសេសគឺ គម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណង ភ្នំពេញ” – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀតថា គម្រោងនេះប្រទេសជប៉ុនបានជួយសិក្សាចប់សព្វគ្រប់រួចហើយ លើការៀបចំផែនការមេភស្តុភារកម្មនៅកម្ពុជា ដែលនឹងត្រូវការទំហំថវិកាប្រមាណជា ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោង ចំនួន ៣៣២គម្រោង។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើសុំឱ្យក្រុមហ៊ុនជប៉ុន ចូលរួមវិនិយោគលើគម្រោងមួយចំនួន ក្នុងចំណោមគម្រោងប្រមាណទាំង ៣៣២គម្រោងនោះផងដែរ៕

ដោយ៖ សំណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២