ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជា ភុន ពិសិដ្ឋ បានចាត់ទុកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលគ្រោងនឹងចាប់ផ្តើមនាពេលខ្លីខាងមុខនេះគឺជាវេទិកាដ៏សំខាន់បំផុតដើម្បីវាស់ស្ទង់សមត្ថភាពឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សព្វថ្ងៃនេះរូបគេកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីសម្រេចគោលដៅឲ្យបាននូវមេដាយមាស។
តាមរយៈការតស៊ូ អំណត់ព្យាយាមក្នុងការហ្វឹកហាត់ និងលះបង់ពេលវេលាសប្បាយនៅខាងក្រៅបានជំរុញឲ្យ ភុន ពិសិដ្ឋ វិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័សក្លាយជាកីឡាករជើងខ្លាំងលំដាប់ជួរមុខក្នុងប្រភេទទម្ងន់ស្រាល។ រូបគេទទួលបានជ័យជម្នះជាហូរហែទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលកន្លង។ សូម្បីតែថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងមិត្តរួមអាជីពក៏កោតសរសើររូបគេរហូតត្រូវបានផ្ដល់រហស្សនាមថា «កណ្ដុរជ្រែកដី» ដើម្បីឱ្យសមនឹងសមត្ថភាព ដោយសាររូបគេរហ័សរហួន និងបច្ចេកទេសល្អ។ សព្វថ្ងៃ រូបគេស្ថិតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម។ ប្រភេទទម្ងន់មួយនេះទាំងនៅក្នុងស្រុក និងក្រៅប្រទេសពិបាករកគូប្រកួតណាស់។
កីឡាករដែលមានវ័យ២២ឆ្នាំរូបនេះបានបង្ខំចិត្តបោះបង់ចោលការសិក្សានៅត្រឹមថ្នាក់ទី៦ ក្នុងឆ្នាំ២០១៦ ដោយសាកត្តាជីវភាព ដើម្បីជួយធ្វើការសំណង់ជាមួយឪពុក។ ប៉ុន្តែធ្វើមិនបានប៉ុន្មានផងក៏សម្រេចចិត្តចូលហ្វឹកហាត់កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរនៅឆ្នាំដដែលក្លិបខ្លារខិនមានរិទ្ធ។ រូបគេទទួលបានការគាំទ្រពីឪពុកម្ដាយ បងប្អូន មិត្តភ័ក្ដិ និងការតស៊ូខិតខំប្រឹងហ្វឹកហាត់ទៀតផងនោះមិនយូប៉ុន្មាន ភុន ពិសិដ្ឋ បានក្លាយជាកីឡាករលេចធ្លាម្នាក់ និងបានឈានជើងឡើងសង្វៀនប្រកួតជាញឹកញាប់ ទទួលបានជ័យជម្នះជាបន្តបន្ទាប់។
ដោយមើលឃើញពីសមត្ថភាព បច្ចេកទេស និងបទពិសោធន៍ប្រកួតគ្រប់គ្រាន់ នៅក្នុងឆ្នាំ២០២២ កីឡាកររូបនេះត្រូវបានកោះហៅចូលក្រុមជម្រើសជាតិគុនខ្មែរ ត្រៀមប្រកួតនៅលើឆាកអន្តរជាតិ។ ជាពិសេស រូបគេជាកីឡាករម្នាក់ក្នុងចំណោម១៨រូប ដែលមានឈ្មោះសម្រាប់កីឡាស៊ីហ្គេមឆ្នាំ ២០២៣។ រូបគេពិតជារីករាយយ៉ាងខ្លាំងចំពោះឱកាសសាងស្នាដៃជូនជាតិ ដូច្នេះរូបគេមិនហ៊ានធ្វេសប្រហែសឡើយពោលគឺរឹតតែប្រឹងប្រែងទ្វេឡើងដើម្បីបំពេញបំណងប្រាថ្នាខ្លួនឯង និងថ្នាក់ដឹកនាំ។កីឡាករ ភុន ពិសិដ្ឋ មានបទពិសោធធ្លាប់ប្រកួតបាន៨៧ដង ក្នុងនោះ ឈ្នះ៧២ដង ចាញ់១៥ដង និងផ្ដួលដៃគូឱ្យសន្លប់៧ដង។ ដើម្បីសម្រេចគោលដៅមេដាយមាសក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេមជាប្រវត្តិសាស្ត្រ ឆ្នាំ២០២៣ រូបគេបានតាំងចិត្តហ្វឹកហាត់យ៉ាងខ្លាំងដោយពេលព្រឹកពីម៉ោង៦ដល់១០:៣០នាទី ពេលរសៀលពីម៉ោង២ដល់៦ល្ងាច និងពេលយប់ហាត់បច្ចេកទេសពីម៉ោង៨ដល់ម៉ោង៩:៣០នាទី។
សូមបញ្ជាក់ផងដែរថា កីឡាជាតិ លើកទី៣ នឹងចាប់ផ្តើមបើកជាផ្លូវការ នាថ្ងៃទី២១ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបិទនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕
ដោយ៖វិកគី

