សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២នៃមហាសន្និបាតអាយប៉ាលើកទី៤៣

នៅថ្ងៃទី៤ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ នាព្រឹកថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២ ដែលកំពុងប្រារព្ធធ្វើនៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំបានស្តាប់ និងអនុម័តរបាយការណ៍លទ្ធផលកិច្ចប្រជុំពាក់ព័ន្ធនានាដែលបានធ្វើឡើងនៅក្នុងរយៈពេល៣ថ្ងៃមកនេះ ដូចជារបាយការណ៍កិច្ចប្រជុំគណៈកម្មការសភាស្រ្តីអាយប៉ា កិច្ចប្រជុំគណៈកម្មការកិច្ចការនយោបាយ កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មការសង្គមកិច្ច និងរបាយការណ៍កិច្ចប្រជុំគណៈកម្មការរៀបចំ។

កិច្ចប្រជុំពេញអង្គលើកទី២មហាសន្និបាតអាយប៉ាលើកទី៤៣ ក៏បានអនុម័តទទួលយក សភាអាស៊ែបៃហ្សង់ សភានេប៉ាល់ សភាសហរដ្ឋអាមេរិក និងសភាហ្សកហ្ស៊ី ជាសភាសង្កេតការណ៍ផ្លូវការ។ នៅក្នុងកិច្ចប្រជុំពេញអង្គនាឱកាសនេះ ក៏បានរៀបចំពិធីប្រគល់លិខិតទទួលស្គាល់ ជាសភាសង្កេតការណ៍អាយប៉ាផ្លូវកាផងដែរ។

សូមជម្រាបថា នៅក្នុងថ្ងៃទី៤ នៃមហាសន្និបាតអាយប៉ាលើកទី៤៣នេះ អន្តរសភាអាស៊ាន (AIPA) នឹងមានដំណើរការកិច្ចប្រជុំជាច្រើនទៀត នៅក្នុងការជួបសន្ទនាជាមួយសភាសង្កេតការណ៍។ នៅក្នុងនោះមានជំនួបសន្ទនាជាមួយសភាអូស្រ្តាលី សភាកាណាដា សភាអឺរ៉ុប សភាឥណ្ឌា សភាម៉ារ៉ុក សភាសាធារណរដ្ឋកូរ៉េ សភាប្រទេសជប៉ុន សភាន័រវែស សភារុស្ស៊ី  សភាបេឡារុស សភាទីម័រឡេស្ត សភាប៉ាគីស្ថាន សភាប្រទេសអ៊ុយក្រែន សភាសហរដ្ឋអាមេរិក សភាអាស៊ែបៃហ្សង់ និងសភាប្រទេសនេប៉ាល់។

ទោះបីមិនទាន់បានបិទបញ្ចប់នៅឡើយ បណ្តាសភាសមាជិកអាស៊ាននិងសភាប្រទេសសង្កេតការណ៍ជាច្រើន បានកោតសរសើរចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជាសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំនិងដឹកនាំមហាសន្និបាតអាយប៉ាលើកទី៤៣ប្រកបដោយជោគជ័យ នៅក្នុងការពង្រឹងយន្តការសភា ពហុភាគីនិយម ក្នុងការលើកកម្ពស់កិច្ចសន្ទនានៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋនៅក្នុងតំបន់និងសកលលោកកំពុងជួបប្រទះ មានដូចការស្តារឡើងវិញបញ្ហាសេដ្ឋកិច្ច សង្គមក្រោយពីការរាលត្បាតជំងឺកូវីដ១៩ បញ្ហាការកើតឡើងនូវអំពើរហិង្សា ដែលកំពុងបង្ករភាពស្មុគស្មាញដល់ពិភពលោកនិងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់បច្ចេកវិទ្យា និងឌីជីថល ជាដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២