រដ្ឋាភិបាលទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន ៦ ដើម្បីទទួលបានសិទ្ធធ្វើការវិនិយោគលើគម្រោងវិនិយោគរបស់ខ្លួន ជាមួយទឹកប្រាក់រាប់លានដុល្លារ

ជាមួយនឹងការមានទំនុកចិត្ត និងមើលឃើញពីសក្តានុពលក្នុងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនបានចូលមកបោះទុនវិនិយោគលើវិស័យផ្សេងៗគ្នាជាបន្តបន្ទាប់។ថ្មីៗនេះ រដ្ឋាភិបាល តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបតែបានសម្រេចផ្តល់សិទ្ធ និងចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៦ ដែលមានគម្រោងចូលមកបណ្តាក់ទុនរកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ ។

 

ក្រុមហ៊ុនទាំង៦ ដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគរបស់ខ្លួន ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ រួមមាន៖

១-ក្រុមហ៊ុន“HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD” មានគម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៩៥៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៦៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែង។

២-ក្រុមហ៊ុន“GREEN VISION RISING CO., LTD” មានគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅនិងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៤៤,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

៣-ក្រុមហ៊ុន“TELEMOBILE (CAMBODIA) CORPORATION (T.C.C)”មានគម្រោងវិនិយោគសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ ក្នុងទុនវិនិយោគប្រមាណ ២៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៦កន្លែង។

៤-ក្រុមហ៊ុន“ZHUO KANG SHOES CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤៩កន្លែង។

៥-ក្រុមហ៊ុន“FANMAR AUTO PART (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង។

៦-ក្រុមហ៊ុន “YANLING ACCESSORIES (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៣កន្លែង៕

ដោយ៖ សំណាង

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២