ឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលកូរ៉េ សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ)នោះ នឹងត្រូវចុះហត្ថលេខានៅថ្ងៃស្អែកនេះហើយ!

ភ្នំពេញ ៖ពិធីចុះហត្ថលេខាស្តីពីការផ្តល់ឥណទានសម្បទាន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ បានឱ្យដឹងថា ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ដែលក្នុងឱកាសនោះ៖

១. ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និង ឯកឧត្តម ប៉ាក ហឹងខ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការ ផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០ លានដុល្លារអាមេរិក។

២.ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន ០២ ដូចខាងក្រោម៖

គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមាន ទឹកប្រាក់ចំនួន ៧០.០០០.០០០ ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥.៩០៩.០០០ ដុល្លារអាមេរិក។ ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រម ទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២