សំណាងមួយ ក្នុងគ្រោះរាប់ពាន់ មនុស្សគ្រាន់តែរងរបួសស្រាល ចំណែករថយន្តឡើងខ្ទេចវ៉ល់

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងកុងតឺន័រចតស្ងៀមនៅចិញ្ចើមផ្លូវពេញទំហឹង ហើយរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយខូចខាតទាំងស្រុង សំណាងល្អអ្នកបើកបររងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៣និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ នៅតាមបណ្ដោយជាតិ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ស្លាកលេខ កណ្តាល3A-1936 បានយកមកចតចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៦ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែគេឃើញមាន រថយន្តម៉ាក lexusGX470ពណ៌ ពាក់ស្លាកលេខភ្នំពេញ 2Q-9172 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីលិចទៅកើតស្របគ្នាយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុពុំដឹងថា មានបញ្ហាអ្វីនោះទេ បានរេចង្កូតរថយន្តមកខាងស្ដាំដៃជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹងបណ្ដាលឲ្យរថយន្តLexusGX470 រេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលបណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ។ ចំណែកអ្នកបើកបរបានរងរបួសស្រាលត្រូវបានដឹកយកទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ ហើយភ្លាមៗនោះដែរ ក៏មានប្រជាពលរដ្ឋជិតខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយ​នឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ វាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

   

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២